ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កុមារដែលមានជីវភាពខ្វះខាតចំនួន ៩៤ នាក់ទទួលបានអាហារូបករណ៍សិក្សា ពីអង្គការមូលនិធិនៃក្តីសង្ឃឹម

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ អង្គការមូលនិធិនៃក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវភាពខ្វះខាត ដើម្បីជម្រុញអោយកុមារបានបន្តការសិក្សា ដែលមានចំនួន ៩៤ នាក់ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម ដែលធ្វើនៅតាមឃុំទាំង ៨ ឃុំ នៃស្រុកស្វាយអន្ទរ តែម្តងដើម្បី ចៀសវាងការប្រមូលផ្ដុំមនុស្សច្រើន។

លោក នួន រចនា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្គការមូលនិធិនៃក្តីសង្ឃឹម បាន ថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។ លោកក៏បានបន្តទៀតថា ទោះបីនៅក្នុងស្ថានភាពនៃជំងឺកូវីដ១៩ កំពុងតែរាតត្បាតនៅលើទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែអង្គការមូលនិធិនៃក្តីសង្ឃឹមនៅតែបន្តធ្វើការងារនេះដើម្បីកុមារក្រីក្រនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងស្រុកស្វាយអន្ទរនេះ ឲ្យដំណើរការទៅមុខជារៀងរហូត។

ថ្លែងនៅក្នុងឱកាសនោះផងដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារនោះផងដែរ។ ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់ ចំពោះការផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងផ្ដល់សម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ ចំនួន ២ ខែម្ដង។

លោកអភិបាលស្រុកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះ។

លោកអភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះសូមយកចិត្តទុកដាក់និងខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងមិនត្រូវសេពនូវគ្រឿងញៀននោះទេ។ ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតរុងរឿង។

លោកអភិបាលស្រុក បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ។ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាលក៏ដូចជាក្មួយៗ ទាំងអស់ត្រូវ បន្តនិងអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនូវជំងឺកូវីដ១៩ទាំងអស់គ្នា៕