ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ​អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ក្រោយពេលបិទខ្ទប់ភូមិ នៅស្រុកកងមាស និងស្រុកស្រីសន្ធរ ដើម្បីអនុវត្តវិធានសុខាភិបាល បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នោះ

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ក្រោយពីបិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិថ្មី«ខ» ឃុំរកាគយ ស្រុកកងមាស និងភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បន្ទាប់ពីរកឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ តាមរយៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកនោះ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅស្រុកកងមាស ចំនួន ០២នាក់ និងនៅស្រុកស្រីសន្ធរ ០៨នាក់ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ និង ប្រយោល ជាច្រើននាក់ មកនោះ អាជ្ញាធរសម្រេចធ្វើការបិទខ្ទប់ភូមិ ដើម្បីធ្វើចត្តាឡីស័កដោយមានកម្លាំង សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ដាក់បារ៉ាសយាមកាមទាំងចុងភូមិ និងដើមភូមិ ដោយមិនអនុញ្ញាតឲ្យមានការ ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ឬឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ក្នុងរយៈពេល ១៤ថ្ងៃ ។ ផ្ទុយទៅវិញប្រសិនជាគ្មានអ្នកវិជ្ជមានកូវីដ-១៩ ទេនោះ គឺត្រូវបើកឲ្យធ្វើដំណើរជាធម្មតាឡើងវិញ ។ ដោយឡែកក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដោយតម្រូវឲ្យអាជ្ញាធរ រៀបចំចងខ្សែជាសញ្ញា និងមានសរសេរអក្សរ ហាមឃាត់ ដាក់កាត់ទទឹង មុខផ្ទះទាំងសងខាងផ្លូវ ក្នុងភូមិឲ្យបានគ្រប់ៗផ្ទះ។ ចំពោះយានយន្តគ្រប់ប្រភេទត្រូវអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ ប៉ុន្តែមិនត្រូវអនុញ្ញាតឲ្យឈប់សម្រាក ឬចូលទៅក្នុងភូមិនោះឡើយ ។ ដោយឡែកបញ្ហាតម្រូវការម្ហូបអាហារប្រចាំថ្ងៃ អាជ្ញាធរអាចប្រើប្រាស់វិធី ២យ៉ាង គឺ ៖ ទី១-ត្រូវបង្កើតឲ្យមានកន្លែង សម្រាប់លក់ដូរ ត្រីសាច់ បន្លែ នៅក្បែរៗ ហើយអនុញ្ញាតឲ្យមនុស្សតែម្នាក់ទេក្នុង១គ្រួសារ សម្រាប់ចេញមកទិញស្បៀងអាហារ និងក្នុង ១សប្តាហ៍ អនុញ្ញាតឲ្យបានយ៉ាងច្រើន ៣ដងប៉ុណ្ណោះ ដោយអាជ្ញាធរត្រូវចេញកាតសម្គាល់សម្រាប់ប្រើប្រាស់ ។ និងទី២-ត្រូវអនុញ្ញាត ឲ្យមានការលក់ដូរចល័តតាមរឺម៉ក ម៉ូតូ ឬយានជំនិះផ្សេងៗ ចូលទៅក្នុងភូមិ ប៉ុន្តែត្រូវណែនាំឲ្យអ្នកលក់ដូរទាំងអស់ត្រូវពាក់ម៉ាស ពាក់របាំងមុខការពារ និងប្រើប្រាស់ស្រោមដៃ ព្រមទាំង ប្រើប្រាស់ទឹកអាល់កុល សម្រាប់លាងសម្អាតជាប្រចាំផងដែរ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យតាមដាន យ៉ាងយកចិត្តទុកដាក់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកពីតំបន់ប្រឈមហើយត្រូវប្រើប្រាស់ឧបករណ៍ពិសេស ពិនិត្យតាមដានរោគសញ្ញាវិជ្ជមាន និងត្រូវយកទៅធ្វើចត្តាឡីស័កជាបន្ទាន់ផងដែរ ។ ដោយឡែកប្រជាពលរដ្ឋដែលមកពីតំបន់មិនមានការប្រឈម គឺត្រូវអនុវត្តធ្វើចត្តាឡីស័កដូចគ្នា ប៉ុន្តែ ត្រូវអនុញ្ញាតឲ្យគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនវិញ ។ ផ្ទុយពីនោះក៏ត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមានផងដែរចំពោះអ្នកដែលបំពានវិធានការសុខាភិបាលនោះ ៕