រដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តព្រះវិហារអញ្ជើញអុជធូបបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅមុខរូបសំណាកលោកឱ សួង

ខេត្តព្រះវិហារ ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំមន្ដ្រីរាជការជុំវិញខេត្ត និងស្រុកធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅមុខរូបសំណាក់លោកឪសួងក្នុងឱកាសពិធីបុណ្យវិសាខបូជា ស្ថិតនក្នុងទីរួមស្រុកគូលែន ខេត្តព្រះវិហារ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ដ្រីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។
ពិធីអុជធូបបួងសួង ថ្វាយភ្លេងពិណពាទ្យ និងគ្រឿងសក្ការៈបូជាជាច្រើនមុខនាពេលនេះ ដើម្បីឧទ្ទិសដល់បារមីលោកឪសួងអ្នកសច្ចាំងភ្នំត្បែង និងឧទ្ទិសដល់បារមី វត្ថស័កសិទ្ធទាំងអស់ក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ឲ្យជៀសផុតពីរោគភ័យទាំងពួង ពិសេសជំងឺកូវីត១៩ ។ ព្រមទាំងឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឱ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។
បន្ទាប់ពីពិធីបួងសួងត្រូវបានបញ្ចាប់រួចមក ឯកឧត្តមអភិបាលខេត្តបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ មើលការសាងសង់ពង្រីកផ្លូវបន្ថែមនៅក្នុងស្រុកគូលែន ដែលបានកំពុងដំណើរការសាងសង់ ។ មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យនៅពេលនោះ ឯកឧត្តមបានឲ្យដឹងថាសម្រាប់ខេត្តព្រះវិហារ ទោះបីរដ្ឋបាលខេត្តមានការមមាញឹកក្នុងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏រដ្ឋបាលខេត្តខិតខំជំរុញការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យជាក់ស្តែងនៅពេលនេះ ខេត្តបានជម្រុញការពង្រីកផ្លូវបន្ថែមក្នុងទីរួមស្រុកគូលែន ដោយសារផ្លូវចាស់មានលក្ខណៈតូចចង្អៀត និងដើម្បីសម្រួលការធ្វើដំណើររបស់ប្អូនប្រជាពរដ្ឋដែលបានប្រើប្រាស់ផ្លូវនេះ និងដើម្បីបង្កើនសោភ័នភាពស្រុកឲ្យកាន់តែមានលក្ខណៈល្អប្រសើរបន្ថែមទៀត ។ ឯកឧត្តមក៏បានណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឱ្យបានឆាប់ចប់ ។