ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចាប់ឃាត់រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលពីប្រទេសថៃនាំចូលមកខេត្តបន្ទាយមានជ័យ ដោយអត់ច្បាប់

បន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលពីប្រទេសថៃនាំចូលមកខេត្តបន្ទាយមានជ័យ ដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រ ស្រុកអូរជ្រៅ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមវិធានការបង្កាបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានដាក់មន្ត្រីតាមគោលដៅធ្វើការឆ្មក់ស្ទាក់ចាប់ឈ្មួញលួចដឹកសត្វរស់ចូលពីប្រទេសជិតខាង ។ ជាលទ្ធផលនៅវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានរថយន្ត០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២F-៣៤២៨ ដែលបានធ្វើសកម្មភាពលួចដឹកមាន់រស់រាប់ពាន់ក្បាលយកចូលមកខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចំរុះឃាត់ក្នុងនោះមានមន្ត្រីការិយាល័យបសុពេទ្យផង ដើម្បីត្រួតពិនិត្យ នៅចំណុចភូមិសាស្ត្រស្រុកអូរជ្រៅ។

លោក ហ៊ុយ ទូច បាននិយាយបន្តថា៖ តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឲ្យដឹងថា តើសត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន ។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃសិន បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាយបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ ។

លោកបញ្ជាក់បន្ថែមថា៖ ការបង្កា និងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗ ដែលអាចកើតមានលើសត្វ និងជាការចូលរួម លើកកម្ពស់ការចិញ្ចឹមសត្វរបស់កសិករក្នុងស្រុក និងម្យ៉ាងទៀតនោះ ឲ្យមានការបង់ពន្ធចូលរដ្ឋផងដែរ ។

លោក ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ សត្វមាន់រស់ទាំងអស់ខាងលើនេះ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ កាត់តាមស្រុកអូរជ្រៅ ។ ជាញឹកញាប់    មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ តែងធ្វើការបង្ក្រាប និងហាមឃាត់ការនាំចូលសត្វជ្រូក គោ ក្របី មាន់ ទា ដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ តែទោះជាយ៉ាងណាក៏ដោយ ការលួចនាំចូលនេះនៅតែកើតមាន ទោះបីជានៅតាមព្រំដែនមានសមត្ថកិច្ចយាមកាមព្រោងព្រាត យ៉ាងណាក៏ដោយ ៕