ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកភ្នំស្រុក បង្ក្រាបមុខសញ្ញាលួចកាច់សោ.ក យកម៉ូតូ ម្នាក់

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ស្រាវជ្រាវនិងឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ពីបទធ្វើសកម្មភាពលួចកាច់សោ.ក យកម៉ូតូ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចចម្ងាយ២០០ម៉ែត្រ ខាងជើងភូមិត្រពាំងប្រីយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ជុំ ជឿយ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិខ្ជាយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក  ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានព័ត៌មានពីកម្លាំងប្រជាការពារភូមិបានរាយការណ៍ថា មានករណីចោរលួចកាច់សោ.កម៉ូតូ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ដើម្បីចេញប្រតិបត្តិការពួនស្កាត់ ជាលទ្ធផលយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជុំ ជឿយ និងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ.១I-២៨២៦ ដែលមានម្ចាស់ឈ្មោះ​ ពិន វឹង ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិត្រពាំងប្រីយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនសួរនាំនិងរៀបចំសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ ៕