ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៧ គ្រួសារនៅស្រុកព្រះស្តេច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

ព្រៃវែង ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកព្រះស្តេច អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រំលំផ្ទះចំនួន ៧ គ្រួសារ ដែលស្ថិតនៅភូមិ រការកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧប្បទ្ទវហេតុដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនរងគ្រោះដោយសាខ្យលកន្រ្តាក់នេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរសព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឧកញ៉ា ក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ការពារជំងឺគ្រុនឈាម-គ្រុនឈីក ជាពិសេសគឺជំងឺកូវីដ១៩ (Covid-19) ដែលកំពង់គម្រាមកំហែងនៅពិភពលោក។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

ក្នុងនោះសាខាបានផ្តល់ជូនដល់គ្រួសារ ដែល រងគ្រោះធ្ងន់ធ្ងរចំនួន ១ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គ.ក, តង់ ១, កន្ទេល ១, ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងអាវ ៥) មី ១កេស, ត្រី ខ ១យួរ,និងថវិកា ១០ម៉ីនរៀល និងគ្រួសាររងគ្រោះមធ្យម ទទូលបានអង្ករ ២៥គ.ក, កន្ទេល ១, ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងអាវ ៥) មី ១កេស, ត្រី ខ ១យួរ,និងថវិកា ៥ ម៉ីនរៀល ក្នុងនោះឯកឧត្តម ឧកញ៉ា ជឹម សុខ បានផ្ដល់ថវិកាដល់មួយគ្រួសារ ៣ម៉ឺនរៀលបន្ថែមទៀតផងដែរ៕