ព័ត៌មានអន្តរជាតិ

ហ្វីលីពីននិងអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នារយៈពេល ០២ សប្តាហ៍

CNA៖ យោងតាមការលើកឡើងរបស់ប្រមុខយោធាហ្វីលីពីនកាលពីថ្ងៃអាទិត្យ ទី១១ មេសា ឆ្នាំ២០២១ម្សិលមិញនេះបានឲ្យដឹងថា ទាហានហ្វីលីពីននិងអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នារយៈពេល ០២ សប្តាហ៍ពីថ្ងៃច័ន្ទ ទី១២ មេសានេះតទៅ ក្រោយការអាក់ខានកាលពីឆ្នាំមុនដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA

សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលេខាធិការការពារជាតិរបស់ប្រទេសទាំងពីរបានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការប្រព្រឹត្តិទៅនៃសមយុទ្ធនេះ ព្រមជាមួយស្ថានភាពនៅសមុទ្រចិនខាងត្បូង និងការវិវឌ្ឍន៍ទៅនៃសន្តិសុខក្នុងតំបន់នាពេលថ្មីៗនេះ។

គួរឲ្យដឹងថា សមយុទ្ធឈ្មោះ Balikatan គឺជាសមយុទ្ធដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងទស្សនកិច្ចយោធា (Visiting Forces Agreement) និងជាការធ្វើតេស្តសមត្ថភាពនៃការត្រៀមខ្លួនរបស់កងទ័ពប្រទេសទាំងពីរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលមានដូចជាគ្រោះមហន្តរាយធម្មជាតិ និងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយម។

ថ្លែងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ទី១១ មេសាម្សិលមិញជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានរំលឹកឡើងវិញពីសារសំខាន់នៃកិច្ចព្រមព្រៀងទស្សនកិច្ចយោធា (Visiting Forces Agreement) រវាងប្រទេសទាំងពីរ។

គួររំលឹកថា កាលពីឆ្នាំមុន ប្រធានាធិបតីហ្វីលីពីនលោក Duterte បានសម្រេចលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធា (Visiting Forces Agreement) ដែលមានអាយុកាលពីរទសវត្សរ៍ នៅក្នុងការឆ្លើយតបយ៉ាងខឹងសម្បារ បន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកបានបដិសេធមិនផ្តល់ទិដ្ឋាការដល់មន្រ្តីខ្លួន ខណៈដែលកិច្ចព្រមព្រៀងនេះ ផ្តល់នូវក្របខ័ណ្ឌច្បាប់ដែលកងទ័ពអាមេរិកអាចធ្វើប្រតិបត្តិការយោធាដោយផ្អែកលើមូលដ្ឋានដែលព័ទ្ធជុំវិញប្រទេសហ្វីលីពីន។

សូមបញ្ជាក់ជូនថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងប្រទេសហ្វីលីពីនដែលជាអតីតអាណានិគមអាស៊ីមួយរបស់ខ្លួន បានធ្លាក់ចូលក្នុងភាពស្មុគស្មាញចាប់តាំងពីឆ្នាំ ២០១៦ នៅពេលដែលលោក Duterte ដែលជាអ្នករិះគន់គោលនយោបាយការបរទេសរបស់អាមេរិកនិងដែលបានងាកទៅចងសម្ព័ន្ធភាពជាមួយប្រទេសចិន បានឡើងកាន់អំណាច។

លោក Duterte ថែមទាំងធ្លាប់បានលើកឡើងផងដែរថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែបង់ប្រាក់បន្ថែមទៀតប្រសិនបើចង់រក្សាកិច្ចព្រមព្រៀងទស្សនកិច្ចយោធា (Visiting Forces Agreement)