ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បញ្ជូនខ្លួនជនសង្ស័យជាសង្សានឹងគ្នា០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទលួចម៉ូតូ និងម៉ូតូ០២គ្រឿងប្រគល់ជូនម្ចាស់ដើមវិញ

បន្ទាយមានជ័យ៖ មុខសញ្ញាជាជនសង្ស័យ០២នាក់ ជាគូសង្សានិងគ្នាធ្វើសកម្មភាពលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ សេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដនិងម្នាក់ទៀតឈ្មោះ លៀម ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំង០២នាក់នេះជាគូសង្សានិងគ្នា ហើយជាមុខសញ្ញប្រើប្រាស់សារធាតុញៀនទាំង០២នាក់។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងទៀតថា៖ ឈ្មោះ សេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំនេះ នៅម៉ោង០៣និង២០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S. ៣៦២៨ នៅចំណុចតូបកាត់សក់ខាងលិចរបងវត្តព្រះពន្លា ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ របស់ឈ្មោះ សរ ប៊ុនខឹម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈពេលម្ចាស់ទុកម៉ូតូមុខតូបកាត់សក់រួចដើរចូលទៅកាត់សក់។ ក្រោយពីម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យផែនព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់ការិយាល័យជំនាញនិងកម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសិរីសោភ័ណនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា ធ្វើការស្រាវជ្រាវនិងមើលតាមកាម៉េរ៉ាសុវត្ថិភាព ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ឈ្មោះ សេង ឌីណា​ និងសង្សារបស់គេឈ្មោះ លៀម ចាន់នី នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ចំណុចផ្លូវលំខេត្តលេខ៦ ផ្ទះសំណាក់យីហោ ជាយក្រុង ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ហើយនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងដកហូតបានម៉ូតូចំនួន០២គ្រឿង ជាម៉ូតូដែលគេលួចបាន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S. ៣៦២៨ ម្ចាស់ឈ្មោះ សរ ប៊ុន ខឹម ភេទប្រុស អាយុ៧៨ឆ្នាំ នៅភូមិពញរៃប្ញស្សី ​សង្កាត់ព្រះពន្លា និង០១គ្រឿងទៀតម៉ាក ហុងដាឌ្រី សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១E.៤៦៩៨ មានម្ចាស់ឈ្មោះ សារឿង សុធី ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនៅមុខតូបកាត់សក់ខាងលិចវត្តព្រះពន្លានោះមែន និងម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រី សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១E.៤៦៩៨ លួចនៅចំណុចផ្លូវលេខ១កន្លះ ខាងក្រោយហាងស៊ុបកូរ៉េ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣៥នាទីថ្ងៃ។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕