ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់មកពីបញ្ចូលទឹកស្រែប្រាំង ត្រូវរថយន្តធុនធំដឹកដំឡូងមីបុកនិងកិនពីលើបណ្តាលឲ្យស្លាប់

បន្ទាយមានជ័យ ៖ បុរសម្នាក់កំពុងបើកម៉ូតូត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៦៨ A ​ខាងត្បូងស្ពានគោករំចេក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករំចេក ឃុំស្រះជីក  ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឈឿន ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅសេរី២០១១ ពាក់ស្លាកលេខ ប.មានជ័យ  1E.9205​ ។

ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូមកពីបញ្ចូលទឹកស្រែ ប្រាំង ធ្វើដំណើរពីទិសខាងត្បូងទៅជើង  ពេលមកដល់ចំណុចកើតហេតុ ខាងត្បូងស្ពានគោករំចេក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករំចេក មានរថយន្តធុនធំ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ- 3C.4649 ដឹកដំឡូងមី​ ធ្វើដំណើរច្រាសទិសគ្នា ពីជើងទៅត្បូង បានបុកនិងជាន់ពីលើម៉ូតូនិងអ្នកបើកបរ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចក្នុងថ្លុកឈាម ចំណែកអ្នកបើករថយន្តក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ ចំពោះមូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំហើយមានល្បឿនលឿន ។​ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕