ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមរឹតបន្តឹងលុបបំបាត់យានយន្តកែច្នៃខុសបច្ចេកទេស បង្កសម្លេងលើសកម្រិត

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់អនុវត្ត តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការលុបបំបាត់ការបង្កសម្លេងលើសកម្រិត ពីយានយន្តគ្រប់ប្រភេទកែច្នៃខុសបច្ចេកទេស ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ ទប់ស្កាត់ការរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ និងការប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ គ្រាដែលគេមើលឃើញថា បញ្ហាការកែច្នៃបំពុងស៊ីម៉ាំងរថយន្ត ឬម៉ូតូមួយចំនួនខុសបច្ចេកទេស ត្រូវបានជនទំនើងប្រើប្រាស់បង្កឱ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋកំពុងទទួលដំណេកនៅពេលយប់ និងបាននាំឱ្យប្រជាពលរដ្ឋលើកឡើងរិះគន់តាមបណ្តាញព័ត៌មានសង្គម។ កិច្ចប្រជុំនេះដែរ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ​នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយការិយាល័យជំនាញ ពាក់ព័ន្ធនៅពេលចុះអនុវត្តត្រូវធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើជាទូទៅចំពោះយានយន្តគ្រប់ប្រភេទដែលរកឃើញថាមានការកែច្នៃខុសបច្ចេកទេសខុសច្បាប់។ ជាងនេះទៀត ត្រូវចុះណែនាំទីតាំងកែច្នៃបំពង់ស៊ីម៉ាំងយានយន្តខុសបច្ចេកទេសខុសច្បាប់ ឱ្យបញ្ឈប់ ហើយការណែនាំដោយកាយវិកាទន់ភ្លន់ និងពន្យល់អំពីផ្លូវច្បាប់ក៏ដូចជាផលប៉ះពាល់ពីការប្រើប្រាស់សម្លេងលើសកម្រិត។
​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់មន្រ្តីក្រោមឱវាទការចុះអនុវត្តនេះត្រូវធ្វើកុំឱ្យលើសតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងលើសពីគោលការណ៍ច្បាប់ ដើម្បីចៀសវាងកុំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋ។ ការចុះអនុវត្តនោះផងដែរ ក៏ត្រូវពង្រឹងទប់ស្កាត់ចំពោះក្មេងទំនើងជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ ប៉ះពាល់សណ្តាប់ធ្នាប់សង្គម ដោយឃាត់ចាប់យកមកអប់រំ ហើយអញ្ជើញអាណាព្យាបាលឱ្យមកទទួល និងយកទៅអប់រំបន្ត។
​សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំនោះផងដែរ លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ និងលោកស្នងការរង មួយចំនួនក៏បានលើកឡើងពីបញ្ហាប្រឈម និងការយកសេចក្តីណែនាំនៃខ្លឹមសារកិច្ចប្រជុំទៅអនុវត្តឱ្យចំទិសដៅការងារ ដើម្បីចុះអនុវត្តលើការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព៕