ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនជាតិចិន២នាក់ឈ្លោះគ្នា ឈានដល់យកកាំបិតចុងស្រួចចាក់ បណ្តា​លឲ្យភាគីម្ខាងស្លាប់ ចំណុចកាស៊ីណូហ្គេនទីង ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនជាតិចិន២នាក់ឈ្លោះគ្នាយ៉ាងខ្លាំងឈានដល់យកកាំបិតចុងស្រួចចាក់ត្រូវបំពង់ ក បណ្តាលឲ្យស្លាប់ ចំណុចកាស៊ីណូហ្គេនទីងក្រុងប៉ោយប៉ែតនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ១១១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ោយប៉ែត ដឹកនាំដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ​បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវក្នុងករណីឃាតកម្មនេះ  បង្កដោយជនជាតិចិនដូចគ្នាដែលជនសង្ស័យជាដៃដល់ឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ។ ជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិនដូចគ្នា ស្នាក់នៅបន្ទប់ជួលជាមួយជនសង្ស័យ ។

សមត្ថកិច្ចបានបន្តថា៖ នៅមុនពេលកើតហេតុ ជនដៃដល់និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតដល់ជនដៃដល់ឈ្មោះ សាយ សឺសាន យកកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើឈ្មោះ លីវ យីហ្វុង បណ្ដាលឲ្យរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកជនសង្ស័យក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕