កិច្ចប្រតិបត្តិការបង្រ្កាបករណីប៉ុនប៉ងឃាតកម្ម ហិង្សាលើ អ្នករាជការសាធារណៈនិងប្រើប្រាស់អាវុធខុសច្បាប់ ស្រុកកោះធំ ខេត្តកណ្ដាល
ខេត្តកណ្ដាល នៅថ្ងៃសៅរ៍ ០៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧និង០០នាទី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះកិច្ចប្រតិបត្តិការបង្រ្កាបករណីប៉ុនប៉ងឃាតកម្ម ហិង្សាលើអ្នករាជការសាធារណៈនិងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុចកើតហេតុទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរគ្រោះឈ្មោះ ហុង សុខលី ប្រុស អាយុ៥១ ឆ្នាំជនជាតិខ្មែរ មុខងារនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ។
ជនសង្ស័យឈ្មោះ ពៅ ហុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តប្រភេទផ្លូវ៤ មានទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន)។
សម្ភារខូចខាតរួមមាន៖
–កញ្ចក់ទ្វារចំនួន០១ផ្ទាំង។
–កញ្ចក់បង្អួចចំនួន០១ផ្ទាំង។
–កញ្ចក់ដាក់លើតុចំនួន០១ផ្ទាំង
–ខូចខាតទូរដាក់ឯកសារចំនួន០២។
–ខូចខាតកុំព្យូទ័រចំនួន០១គ្រឿង។
–ខូចខាតកន្លែងទុកដាក់អាវុធ និងធ្លុះដំបូលប៉ុស្តិ៍។
នៅមុនពេលកេីតហេតុជនសង្ស័យបានបេីកឡានធុនធំពីត្បូងមកជេីង ពេលមកដល់ខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ក៏រេចង្កូតមកបុកបង្គោលភ្លេីង០៣បង្គោល និងដាច់ខ្សែភ្លើងប្រមាណ៦០ម៉ែត្ររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន នៅវេលាម៉ោង១៣និង៥០នាទី ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់រថយន្ដ និងជនបង្កទុកនៅប៉ុស្តិ៍ដេីម្បីរងចាំថៅកែជាម្ចាស់ឡានមកដោះស្រាយ ជួសជុលដាក់បង្គោលភ្លេីងនិងតភ្លេីងសារជាថ្មី ។ នៅពេលដែលថៅកែដែលជាម្ចាស់រថយន្តឈ្មោះ គង់ ជៀបឡេង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិពេទ្យអរជូន ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានមកដល់នៅវេលាម៉ោងប្រមាណ ១៤ និង ៤០នាទី ក៍បានជួបនិយាយសម្របសម្រួលដោះស្រាយ ហេីយថៅកែរថយន្តក៏បានយល់ព្រមជួយរកជាងមកជួសជុលបង្គោល និងតភ្លេីងឡេីងវិញ ។ នៅខណះពេលដែលជាងកំពុងតភ្លេីង ក៏មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងបាត់អត្តសញ្ញាណប័ណ្ណ និងធ្វេីសៀវភៅស្នាក់នៅ ពេលនោះដែរមន្រ្តីប៉ុស្តិ៍បានចាក់សោរបេីកទ្វារបន្ទប់ដាក់ឯកសារ ដេីម្បីយកទម្រង់ឯកសារមកបំពេញបែបបទជូនប្រជាពលរដ្ឋ ។ បន្ទាប់ពីបានយកឯកសារមកគ្រប់ហេីយក៏បានចេញមកក្រៅវិញដោយទាញទ្វារអិប ដោយមិនបានចាក់សោរវិញទេ មួយរំពេចនោះដែរ ស្រាប់តែជនសង្ស័យឈ្មោះ ពៅ ហុង បានរត់ចូលបន្ទប់ដាក់ឯកសារនិងអាវុធ ដោយបានដាក់គន្លឹះទ្វារពីខាងក្នុងមិនឱ្យអ្នកណាចូលទេ ពេលនោះគឺវេលាម៉ោង ១៧និង០០នាទី នៅក្នុងបន្ទប់ធ្វើការនោះគឺមានឯកសាររដ្ឋបាលប៉ុស្គិ៍ និងអាវុធAKចំនួន០៣ដើម AKបត់២ដើម AKស្វាយកាត់១ដើម។ បន្ទាប់មកទាំងសមត្ថកិច្ចប៉ុស្តិ៍ និងថៅកែជាម្ចាស់រថយន្តបាននិយាយលួងលោមឱ្យជនសង្ស័យបើកទ្វារ ចេញមកក្រៅវិញ តែជនសង្ស័យមិនបានចេញមកតាមការសំណូមពររបស់សមត្ថកិច្ច និងថៅកែដែលជាម្ចាស់រថយន្តទេ ឃេីញដូច្នេះ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការស្រុកកោះធំ ដេីម្បីមានគោលការបន្ត។
លុះដល់ម៉ោងប្រមាណ១៩និង២៨នាទី ជនសង្ស័យក៏បានយកអាវុធរបស់ប៉ុស្តិ៍នោះបាញ់គំរាមមកលើសមត្ថកិច្ចនគរបាល ជាបន្តបន្ទាប់អស់ចំនួន០៣គ្រាប់។
ស្របពេលនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ មកដល់ក្រោយមកជនសង្ស័យក៏បានផ្ទុះអាវុធបាញ់ជាបន្តបន្ទាប់អស់០៤គ្រាប់ទៀត ទេីបកម្លាំងយេីងដែលដឹកនាំបង្ក្រាបផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោស្នងការបានប្រើប្រាស់គ្រប់វិធានការជំនាញ រហូតដល់វេលាម៉ោង២២និង១០នាទី ទើបទម្លុះទ្វារបាញ់កាំភ្លើងផ្សែងបង្ហូរទឹកភ្នែកចូលក្នុងបន្ទប់នោះទើបជនសង្ស័យរត់ចេញមកក្រៅ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញខេត្ត ដេីម្បីបន្តចាត់ការតាមនីតិវិធី៕