ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ​ ចាត់​ឲ្យ​តំណាង​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈជូនសពមន្ត្រីនគរបាល​ ស្រុកស្ទឹងត្រង់​

កំពង់ចាម​៖​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស ដោយមានការអញ្ជេីញចូលរួមពីលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ លោកអធិការ-អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ទាំង១២ ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ត្រី ជូនសពលោកអនុសេនីយ៍ឯក អៀម វុទ្ធា មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសំបួរ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានទទួលមរណភាពក្នុងជន្មាយុ៥៥ឆ្នាំ (ដោយជំងឺប្រេះបេះដូង) កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ​ក៏បានចាត់ឲ្យលោកស្នងការរងនាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ថវិកា​ចំនួន១,០០០,០០០រៀល ​និងថវិកាមិត្តជួយមិត្តនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នូវថវិកា ចំនួន១,៦៧០,០០០រៀល អង្ករ​០១បេ,​ទឹកក្រូច០៣កេស,​ទឹកសុទ្ធ០៣កេស និងមី០៣កេស​ និងថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលស្រុកស្ទឹងត្រង់ចំនួន១០០ដុល្លារ​ ប្រគល់ជូនក្រុមគ្រួសារ​នៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕