ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ជា សុមេធី បន្តនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកពាមរក៍ចំនួន ២០០ គ្រួសារ

ព្រៃវែង៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកខ្លាំងក្នុងបរិបទ​ នៃជំងឺកូវីត១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋទើប​ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង រួមជាមួយ​ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ នៅភូមិពាមកោះ ឃុំពាមរក៍​ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ​ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសគ្រួសារក្រីក្រមានជីវភាពលំបាកក្នុងបរិបទនៃជំងឺកូវីត១៩ នេះ។

ឯកឧត្តម ទាំងពីរ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំចិញ្ចឹមសត្វ ដាំបន្លែនៅតាមផ្ទះឲ្យបានច្រើន ដែលជាផ្នែកមួយជួយកាត់បន្ថយនូវប្រាក់ចំណូលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនបានមួយកំរិតផងដែរ។

ឯកឧត្តមទាំងពីរក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវ គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានល្អដើម្បីបញ្ចៀស និងបង្ការគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈរាល់ពេលធ្វើដំណើរម្ដងៗនោះ។

ឯកឧត្តម ទាំងពីរ ក៏បានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវ បន្តអនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋនូវវិធានការពារនៃជំងឺកូវី១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ចដើម្បីបង្ការទប់ស្កាត់ក្នុងការរីករាយដែលឆ្លងនៅក្នុងសហគមន៍។

អំណោយរបស់សម្ដេចក្រឡាហោមដែលត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង២០០ គ្រួសារនោះដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ក្រម៉ា ១, សាប៊ូ១ ដុំ, និងថវិកាមួយចំនួនផងដែរ៕