ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនរងគ្រោះដែលស្លាប់នោះត្រូវបានស្គាល់អត្តសញ្ញាហើយ សមត្ថកិច្ចអះអាងថាការស្លាប់ម្នាក់នេះ មិនមែនជាករណីអត្តឃាតនោះទេ គឺជារឿងមនុស្សឃាត

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថា៖ យុវជនដែលប្រទះស្លាប់នៅក្នុងខ្ទមចំការដំឡូងមីនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឈ្មោះ ស៊ុន សាន អាយុ៣៥ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំពោះការស្លាប់របស់យុវជនម្នាក់នេះ គឺជាករណីមនុស្សឃាត មិនមែនជាអំពើធ្វើអត្តឃាតនោះទេ ។

លោកអធិការបានបញ្ជាក់ថា៖ នៅវេលាម៉ោង៦.៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានប្រទះឃើញសពយុវជនម្នាក់ស្លាប់ដោយធ្វើអត្តឃាត ខាងលិចផ្លូវជាតិលេខ៥៨ ប្រហែល២០ម៉ែត្រ នៅខាងត្បូងភូមិចំការគរប្រហែល៥០០ម៉ែត្រ ក្នុងខ្ទមចំការដំឡូងមីមួយកន្លែងរបស់ ឈ្មោះ ឈុន ភ្លុក ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត  កម្លាំងរាជអាវុធហត្ថខេត្ត នគរបាលស្រុក កងរាជអាវុធហត្ថស្រុក កម្លាំងយោធាការពារព្រំដែនលេខ៥០៣ មន្ត្រីសុខាភិបាលស្រុក មេភូមិ​ បានចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យទៅលើសព ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែលជា ៣៤ឆ្នាំ សម្បុរស សក់ខ្លី ស្លៀកខោអាវកីទ្បាដៃខ្លី ពណ៌ឈាមជ្រូក ជនរងគ្រោះបានយកខ្សែពានគោយន្តកន្រៃ្តធ្វើអត្តឃាតចងព្យួរករ ជាប់នឹងធ្នើខ្ទមដែលកន្លែងនោះមន្ត្រីគយនិងកម្លាំងអាវុធហត្ថតែងចងអង្រឹងដេក ចាំស្ទាក់ចាប់ឥវ៉ាន់គេចពន្ធចូលប្រទេស​។

លោកអធិការបានបញ្ជាក់ថា៖ ឆ្លងតាមការត្រួតពិនិត្យក្រុមការងារ បានរកឃើញស្លាកស្នាមរបួសនៅលើក្បាល លើស្មងជើងទាំងសងខាង ហើយមិនមានចេញទឹកកាមនិងលៀនអណ្តាតនោះឡើយ។ តាមការសន្និដ្ឋានរបស់ក្រុមការងារ សង្ស័យជនរងគ្រោះត្រូវគេសម្លាប់នៅកន្លែងផ្សេង ហើយយកសពមកចងព្យួរនឹងធ្នើខ្ទមនេះ ជាមួយនឹងខ្សែពានគោយន្តកន្ត្រៃ លុះនៅវេលាម៉ោង១២ ថ្ងៃទី៣០ ខែធ្ន នេះ ទើបមានក្រុមគ្រួសារបានបាត់សមាជិកគ្រួសារ បានផ្តល់ព័ត៌មានមកសមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ស៊ុន សាន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ជាមនុស្សខូចសរសៃប្រាសាទ ធ្លាប់ដើរចូលផ្ទះគេ ផ្ទះឯង ហើយក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងករណីគ្រឿងញៀនទើបចេញពីពន្ធនា​គារ​ផងដែរ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំបូជានៅវត្តចំការគ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ។ ទាក់ទិននឹងករណីស្លាប់របស់ជនរងគ្រោះឈ្មោះ ស៊ុន សាន នេះ លោកអធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ទៀតថា៖ នគរបាលជំនាញកំពុងយកចិត្តទុកដាក់ស្រាវជ្រាវរកជនដៃដល់ដែលប្រព្រឹត្តទៅលើជនរងគ្រោះ ដើម្បីយកមកផ្តន្ទាទោសច្បាប់៕