រដ្ឋបាលរាជធានី-ខេត្ត

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរេ KOICA សិក្សាគម្រោងកែប្រែតំបន់សង្រ្គាមអោយប្រែក្លាយជាតំបន់សន្តិភាពនិងការអភិវឌ្ឍន៍ នៅខេត្តប៉ៃលិន

ប៉ៃលិន៖​  ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០២០ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរេKOICA ដែលដឹកនាំដោយលោករ៉ូហ៊ុនជុនតំណាងKOICA ប្រចាំប្រទេសកម្ពុជាបានជួបពិភក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិនដែលដឹកនាំដោយឯកឧត្តមហែមឬទ្ធីអភិបាលរងខេត្តប៉ៃលិនតំណាងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តដើម្បីធ្វើការសិក្សាពីគម្រោងកែរប្រែតំបន់សង្រ្គាមអោយប្រែក្លាយជាតំបន់សន្តិភាពនិងការអភិវឌ្ឍន៍។

លោករ៉ូហ៊ុនជុនតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា៖គោលបំណងសំខាន់នៃគម្រោងនេះគឺដើម្បីបង្កើតមាគ៌ាសម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿននៅតាមមូលដ្ឋានដែលត្រូវបានគេចាត់ទុកថាមិនមានមីនដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍសហគមន៍និងកាត់បន្ថយភាពក្រីក្រក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។

លោកបានបន្តថា៖ទីតាំងរបស់គម្រោងនេះគឺស្ថិតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា+ថៃមានខេត្តបាត់ដំបងខេត្តប៉ៃលិននិងខេត្តបន្ទាយមានជ័យហើយក្រុមការងាររួមរបស់KOICA និងចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗដែលស្ថិតនៅស្រុកសាលាក្រៅខេត្តប៉ៃលិនដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពនៃការអនុវត្តនិងផែនការសកម្មភាពរកឃើញនូវគន្លឹះសំខាន់ៗរបស់ក្រុមការងារការិយាល័យKOICA ប្រចាំនៅកម្ពុជានឹងរាយការណ៍ជូនទៅទីស្នាក់ការកណ្តាលរបស់ខ្លួនដើម្បីធ្វើការជ្រើសរើសគម្រោងអាទិភាពមួយដូចជា៖វិស័យអប់រំកសិកម្មអភិវឌ្ឍជនបទនិងសុខាភិបាលសម្រាប់អនុវត្តន៍នៅឆ្នាំ២០២១ហើយប្រសិនបើគម្រោងនេះជាប់ក្នុងការជ្រើសរើសគម្រោងនឹងត្រូវអនុវត្តន៍នៅក្នុងប្រទេសកម្ពុជារយៈពេល៦០ខែចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ដែលមានថវិកាសរុបប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក

ឯកឧត្តមហែមឬទ្ធីក្នុងនាមលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលបានគាំទ្រព្រមទាំងជួយឧបត្ថម្ភទាំងបច្ចេកទេសនិងហិរញ្ញវត្ថុសម្រាប់ការកសាងនិងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យដែលនេះគឺជាការពង្រឹងពង្រីកសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តមអភិបាលរងខេត្តបានសង្ឃឹមយ៉ាងមុតមាំថា៖តាមរយៈគម្រោងនេះនឹងជួយរកទីផ្សារឱ្យកសិករជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីរទីផ្សារតម្លៃបរិមាណផ្គត់ផ្គង់ដែលអ្នកបញ្ជាទិញត្រូវការនិងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគឈ្នួញកណ្តាលជាមួយអ្នកផ្គត់ផ្គង់ជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យគុណភាពសុវត្ថិភាពអនាម័យនិងប្រភពទំនិញច្បាស់លាស់ដើម្បីបង្កើននូវជំនឿទុកចិត្តនិងការធានាត្រឹមត្រូវ។

សូមបញ្ជាក់ថា៖ខេត្តប៉ៃលិនមានផ្ទៃដីសរុប១០៦២គីឡូម៉ែតការេមានប្រជាជនចំនួន៦៧៥៧៣នាក់ក្នុងនោះស្រីចំនួន៣៥០៤៦នាក់ហើយវិស័យដែលមានសក្តានុពលបំផុតរបស់ខេត្តគឺវិស័យកសិកម្មនិងទេសចរណ៍។