ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលស្រុកក្រគរចុះបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ពោធិ៍សាត់៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង ១០នាទី កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុកក្រគរ  សហការជាមួយកម្លាំង អន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំសរុប ០៧នាក់  បានចុះបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ដែលបានឃាត់ខ្លួនមនុស្សចំនួន ០១នាក់ ត្រង់ចំណុចខ្ទមចាំស្រែ ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ បញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពបានបន្តថាកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ១៦កញ្ចប់តូច និង ០១កញ្ចប់ធំ មានទម្ងន់សរុប ១៧.៨៤ ក្រាម (ថ្លឹងទាំងសំបក), ទូរស័ព្ទដៃ ០២គ្រឿង, ថង់ផ្លាស់ស្ទិកសំរាប់ច្រកមួយចំនួនធំ, ជញ្ជីងអេឡិចត្រូនិច០១គ្រឿង, ប្រដាប់ចូកថ្នាំ ០១, ដែកកេះ ០៣ដើម, កាបូបស្ពាយចំហៀង ០១, លុយ១.១០០.០០០៛ (មួយលានដប់មុឺនរៀល)

បច្ចុប្បន្នជនមុខសញ្ញានិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ តាម បញ្ជារបស់ឯកឧត្ដម កូយកាន់យ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០  វេលាម៉ោង ១៧និង ៤៥នាទី ដើម្បីចាត់កាត់ការបន្តទៅតាមនីតិវិធី៕