ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

CNA៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ដោយដកស្រង់សេចក្តីប្រកាសរបស់វិមានអេលីហ្សេ (Elysee) កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតីបារាំងវ័យ ៤២ឆ្នាំ លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានឆ្លងជំងឺកូវីដ-១៩ ហើយពេលនេះលោកបាននឹងកំពុងត្រូវបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែក (ច​ត្តា​ឡី​ស័ក) ដើម្បីទទួលការព្យាបាលរយៈពេល ០៧ថ្ងៃ។

លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ វិមានរដ្ឋាភិបាលបារាំងខាងលើបានគូសបញ្ជាក់ថា «លោកប្រធានាធិបតីបានទទួលការធ្វើតេស្ត និងទទួលបានលទ្ធផលវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩នៅថ្ងៃនេះ»។

វិមានរដ្ឋាភិបាលបារាំងដដែលបានបញ្ជាក់ផងដែរថា លោក ម៉ាក្រុង បានទទួលការធ្វើតេស្តនិងរកជំងឺកូវីដ-១៩ ក្រោយពេលលោកចេញអការៈសង្ស័យដំបូងៗដែលពាក់ព័ន្ធជំងឺរាតត្បាតសកលដ៏កាចសាហាវនេះ។

យោងតាមការអនុវត្តវិធានការផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលបារាំង លោក ម៉ាក្រុង ត្រូវបានតម្រូវឲ្យស្នាក់នៅដាច់ដោយឡែក (ច​ត្តា​ឡី​ស័ក) រយៈពេល ០៧ថ្ងៃ ដើម្បីទទួលការព្យាបាល ប៉ុន្តែលោកប្រធានាធិបតីបារាំងរូបនេះ នៅតែអាចបំពេញការងារបានពីចម្ងាយ។ ហើយមកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា តើភរិយារបស់លោក ម៉ាក្រុង បានទទួលការធ្វើតេស្តរកជំងឺខាងលើនេះដែរឬយ៉ាងណានៅឡើយទេ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសបារាំងដែលមានប្រជាជនសរុប ៦៧លាននាក់ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩សរុបជាង ២,៤០០,០០០ករណីហើយ ដោយក្នុងនោះមានអ្នកស្លាប់សរុបជិត ៦០,០០០នាក់ ចំណែកឯចំនួនអ្នកជាសះស្បើយវិញ គឺមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ៕