ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម អម សុភា ជម្រុញដល់ក្រុមការងារគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្តកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់លើការងារបង្កា និងទប់ស្កាត់ជម្ងឺគ្រុនចាញ់មកនៅកម្រិតទាបបំផុត

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត និង​ប្រធានគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​​ជម្រុញបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារគណៈកម្មាធិការលុបបំបាត់ជំម្ងឺគ្រុនចាញ់ខេត្ត នៅ​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី​លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិកគណៈកម្មការ ខេត្ត ស្រុកផងដែរ ។

ទន្ទឹមនឹងនោះដែរ ឯកឧត្ដម អម សុភា អភិបាលរង​ខេត្ត ក៍បានវាយ​តម្លៃខ្ពស់ និង​ថ្លែង​នូវ​ការកោតសសើរដល់ក្រុមគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត ដែលបាននឹង​កំពុង​ខិតខំយកចិត្តទុកដាក់លើការងារទប់ស្កាត់ជម្ងឺ គ្រុនចាញ់នៅក្នុងខេត្ ដោយ​ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅតំបន់ប្រឈមនឹងជម្ងឺគ្រុនចាញ់នៅក្នុងខេត្ត ដូចជាការផ្តល់មុងជ្រលក់ថ្នាំ និងអង្រឹងមុងជាដើម ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ថ្លែង​ឲ្យដឹង​ថា រយៈពេល១១ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មវិធីជម្ងឺ​គ្រុនចាញ់ខេត្តស្តីពីស្ថានភាពជម្ងឺគ្រុនចាញ់នៅទូទាំងខេត្តសរុបមានចំនួន ៤២៧ករណី បើធៀបនិងឆ្នាំ២០១៩ ក្នុងរយៈពេល១១ខែដូចគ្នាមានចំនួន​ ១៦៥៤ករណី ថយចុះ១២២៧ករណីស្មើនិង៧៤ភាគរយ ៕