ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម អម សុភា ដឹកនាំក្រុមការងារគម្រោងLASEDII ចុះសាកសួរសុខទុក្ខនិងពិនិត្យការដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋនៅឃុំ២ក្នុងស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស.២៥៦៤ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំន២០២០ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASEDII តំណាង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិខ្សាច់ស ឃុំក្រាំងល្វា និងភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ រួមដំណើរដោយតំណាងមន្ទីរកសិកម្មខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ត្រី​និងទីប្រឹក្សាគម្រោង LASEDII។

ឯកឧត្ដម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខ សុខមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងដោយមិនប្រកាន់បក្ខពួក និងនិន្នាការនយោបាយឡើយ។

ឯកឧត្ដម បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការដៃគូរអភិវឌ្ឃន៍នានា ជាពិសេសធនាគារពិភពលោកដែលជាម្ចាស់ជំនួយដ៏ធំក្នុងការជួយពង្រឹងធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការចូលរួមមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងនៅ តាមជនបទដោយបង្កើតអោយប្រជាពលរដ្ឋមានមុខរបរសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានប្រសើរកាន់តែធូធារជាងមុន។

ឯកឧត្ដម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានកូនមាន់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការដាំបដំណាំរួមផ្សំនិងចិញ្ចឹមដោយអនុវត្ត បច្ចេកទេសតាមរយ:ការផ្តល់បទពិសោធន៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានបណ្ដុះបណ្ដាលនាពេលកន្លងមក ធ្វើយ៉ាងណាដើម្បីឱ្យដំណាំ និងការចិញ្ចឹមសត្វទទួលបាន ជោគជ័យហើយអាចបន្ថែមប្រាក់ចំណូលទ្រទ្រង់ជីវភាពកាន់តែធូធារជាងមុន ពិសេសគឺអាចកាត់បន្ថយការធ្វើចំណាក ស្រុករបស់បងប្អូនប្រជាពលរដ្ឋទៀតផង។

ឯកឧត្ដម អម សុភា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លងដល់គ្រួសារនិងសហគមន៍របស់យើង ៕