ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមាគម សហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា ឧបត្ថម្ភម៉ាស់ ទឹកជែលនិងម៉ាស៊ីនពិនិត្យកំដៅ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ក្នុងរលកទី០៣នេះ សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកម៉ាស់ ទឹកជែលនិងម៉ាស៊ីនពិនិត្យកំដៅ មកប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

តំណាងសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា បានឲ្យដឹងថា៖ ដើម្បីចូលរួមទប់ស្កាត់ ជម្ងឺកូវីដ១៩ ពិសេសនៅរលកទី០៣នៃជម្ងឺកូវីដ១៩នេះ សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា បាននាំយកនូវម៉ាស់ចំនួន១០ប្រអប់ស្មើ៥០០ម៉ាស់ ទឹកជែល១៥០ដប និងម៉ាស៊ីនពិនិត្យកំដៅចំនួន០១ គ្រឿង មកប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រើប្រាស់ ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងទទួលផែនការងារភស្តុភារ-ហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា ដែលបានឧបត្ថម្ភនូវម៉ាស់ចំនួន១០ប្រអប់ស្មើ៥០០ម៉ាស់ ទឹកជែល១៥០ដបនិងម៉ាស៊ីនពិនិត្យកំដៅចំនួន០១គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តនាពេលនេះ ដែលយើងទាំងអស់គ្នាកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ដ៏កាចសាហាវ ក្នុងរលកទី០៣នេះ ។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ ដើម្បីអនុវត្តនូវការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្នងការដ្ឋាននឹងប្រគល់ម៉ាស់និងទឹកជែលនេះជូនដល់មន្ត្រីនគរបាលនៅក្នុងការិយាល័យនីមួយៗចំណុះស្នងការដ្ឋាននឹងធ្វើការពិនិត្យកំដៅដល់មន្ត្រីនគរបាល ដែលចូលមកបំរើការងារនៅក្នុងអង្គភាពផងដែរ ៕