ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាឱ្យស្រាវជ្រាវស្វែងរកចាប់ខ្លួនជនប្រឌិតព័ត៌មានក្លែងក្លាយបំពុលសង្គមជុំវិញបញ្ហាជំងឺឆ្លងកូវីដ១៩ ខណៈដែលរាជធានីភ្នំពេញបើកយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ បើកយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩កុំឱ្យឆ្លងរាលដាលចូលដល់សហគមន៍។ម៉ាសចំនួន២ម៉ឺនម៉ាសត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញនាំយកទៅចែកជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញដោយផ្ទាល់ដៃដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ពាក់ការពារចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលកម្ពុជាបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ខណៈដែលអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស ថេត នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែតុលាលើកទិសដៅការងារប្រចាំខែវិច្ឆិកា បានបញ្ជាឱ្យកម្លាំងនគរបាលគ្រប់ផ្នែកនិងជំនាញត្រូវស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសជនប្រឌិតព័ត៌មានក្លែងក្លាយបំផុសបំផុលឱ្យចលាចលសង្គមជុំវិញការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សហគមន៍និងការប្រឌិតព័ត៌មានថារាជរដ្ឋាភិបាលកម្ពុជាបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរណាមួយរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ ។ក្រោយព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

​យុទ្ធនាការចែកម៉ាសជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានធ្វើឡើងពេញមួយថ្ងៃ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តាផ្លូវសំខាន់នានានៅក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ ក្រោមការដឹកនាំចែកផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​និងលោកលោកស្រីស្នងការរងដែលទទួលកិច្ចការងារពង្រឹងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានប្រាប់ឱ្យដឹងថា ការចែកម៉ាសនេះក្រោមការអនុវត្តតាមការណែនាំផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង គឺក្នុងគោល បំណងពង្រឹងស្មារតីឱ្យប្រជាបលរដ្ឋមានការភ្ញាក់រលឹកដោយប្រុងប្រយ័ត្នខ្ពស់បំផុត នាំគ្នាអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបង្ការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ ចូលដល់សហគមន៍។

​ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា សកម្មភាពនៃការចែកម៉ាសនេះជាការបង្ហាញនៃការយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា​ អំពីសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការបញ្ចៀសកុំឱ្យឆ្លងមេរោគកូវីដ១៩។

​ឯកឧត្តមស្នងការក៏បានលើកឡើងទៀតថា ម៉ាសចំនួន២លានម៉ាសត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញក៏បានឧបត្ថម្ភ២ម៉ឺនម៉ាសជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់កម្លាំងនគរបាលរាជធានីភ្នំពេញចុះធ្វើសកម្មភាពយកម៉ាសទាំងនេះចែកជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដោយក្នុង០១នាក់ទទួលបានម៉ាស២ ហើយម៉ាសនេះគឺប្រជាពលរដ្ឋអាចប្រើប្រាស់រួចលាងនិងសាប៊ូហើយយកទៅប្រើប្រាស់បានជាបន្តបន្ទាប់ទៀត។

​នៅក្នុងឱកាសចែកម៉ាសប្រជាពលរដ្ឋក៏បានលើកឡើងសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ជាមួយនិងប្រជាពលរដ្ឋចែកម៉ាសនិងរំលឹកឱ្យប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីត១៩ ដែលជំងឺនេះជាកាចសាហាវឆ្លងពីមនុស្សម្នាក់ទៅម្នាក់យ៉ាងឆាប់រហ័សកំពុងរាតត្បាតលើពិពភលោកនិងបានកើត មាននៅក្នុងប្រទេសកម្ពុជាផងដែរ។

​សូមបញ្ជាក់ថាជុំវិញបញ្ហាជំងឺឆ្លងកូវីដ១៩ បើយោងតាមរបាយការណ៍នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលឱ្យដឹងថាសម្រាប់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាពុំបានរកឃើញករណីជំងឺកូវីដ១៩ថ្មីនោះទេ ៕