ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ តុង ណារី អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការងារទំនាក់ទំនងសាធារណៈ និងជំនាញអ្នកនាំពាក្យ” សម្រាប់គណៈកម្មការទំនាក់ទំនងសាធារណៈរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃស្តីពី “ការងារទំនាក់ទំនងសាធារណៈ និងជំនាញអ្នកនាំពាក្យ” ត្រូវបានរៀបចំឡើងសម្រាប់គណៈកម្មការទំនាក់ទំនងសាធារណៈដែលមានសមាជិក ១១ រូប របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ សម្រាប់ខេត្តកំពង់ឆ្នាំងលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញចូលរួមផងដែរ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពគណៈកម្មការដើម្បីអនុវត្តតួនាទី ភារកិច្ចឱ្យទទួលបានជោគជ័យនៅក្នុងការលើកកម្ពស់កិត្យានុភាពរបស់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខេត្តដែលជាតំណាងផលប្រយោជន៍សាធារណៈ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍អំពីតួនាទី ភារកិច្ចនិងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងគោលបំណងនៃការបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

គួររំលឹកផងដែរថាៈ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជានីតិបុគ្គលតំណាងឱ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ៕