ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖​ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន​ ៦៥នាក់ ស្រី​ ០២​នាក់ នាព្រឹកថ្ងៃអង្គារ៍ ១០រោច ខែកត្ដិក​ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២។ ដោយពិធីនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង លោកអធិការ-អធិការរង លោកមេបញ្ជាការសឹករងស្រុក លោកមេបញ្ជាការវរសេនាតូចលេខ​៤២២ លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកនាយ-នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលជាតិ សរុប​ចំនួន​ ១២៥​នាក់​ ។
លោកស្នងការនគរបាលខេត្ត បានពាំនាំបណ្ដាំ សួរសុខទុក្ខពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត និងបានលើកទឹកចិត្ត អោយអ្នកទទួលបានតួនាទីថ្មី ខិតខំបំពេញភារកិច្ចអោយបានល្អ និងបំរើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ ជាពិសេសសហការទប់ស្គាត់បទល្មើសឆ្លងដែនគ្រប់ប្រទេស តាមបន្ទាត់ព្រំដែន ល្បាតអោយជាប់ជាប្រចាំ សហការអោយបានល្អជាស្ថាប័នពាក់ពន្ឋ័។ សហការត្រួតពិនិត្យពលករដែលចល័តមកតាមច្រកទាំងអស់អោយច្បាស់លាស់ ដោយឆ្លងកាត់ការពិនិត្យរបស់សុខាភិបាលអោយបានត្រឹមត្រូវ។ ត្រូវគោរពវិន័យ ជៀសឆ្ងាយពីគ្រឿងញៀន និងសាមគ្គីភាពផ្ទៃក្នុង រក្សាអនាម័យអោយជាប់ ចូលរួមបង្ការ និងទប់ស្កាត់ឆ្លងជំងឺកូវីដ អោយបានដាច់ខាត។