ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបាននាំយកទៅចែកជូនចាស់ជរា គ្រួសារងាយរងគ្រោះចំនួន ១០គ្រួសារ ស្ថិតនៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក វន ស៊ីផា ប្រធានកិត្តិយសអនុសាខាស្រុក, លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាស្រុក រួមជាមួយអនុប្រធាន មន្រ្តីអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះចំនួន ១០គ្រួសារ ស្ថិតនៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកប្រធានកិត្តិយសបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយយសាខា ,ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ជូនចំពោះលោកយាយ លោកតា បងប្អូន ពូមីង ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យដាច់បាយ ឬមិនខ្វាយខ្វល់នោះឡើយ ទោះជាអំណោយទាំងនេះមិនអាចដោះស្រាយនូវកង្វះខាតបានយូរអង្វែងក្ដី ក៏ប៉ុន្តែបានជួយសម្រាលបញ្ហាបានមួយរយៈកាលខ្លីផងដែរ។

ទន្ទឹមគ្នានេះ លោកប្រធានកិត្តិយសក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសចៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលកំពុងតែបង្កហានិភ័យនៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។ អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម ,មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២០,០០០រៀល ៕