ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជុំផ្សព្វផ្សាយពីផែនការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលនឹងអញ្ជើញចុះសំណេះសំណាល និងចែកជូនស្រូវពូជជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះសំណេះសំណាលនិងចែកស្រូវពូជ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការនគរបាលគ្រប់ស្រុក ក្រុង ទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីធានាបានទាំងស្រុងនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗជាតិ អន្តរជាតិ សមាជិក សមាជិកា និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងពិធីនោះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ មេបញ្ជាការទទួលខុសត្រូវតាមគោលដៅនីមួយៗ ត្រូវប្រមូលផ្តុំកម្លាំង ឲ្យគ្រប់តាមចំនួនផែនការ និងទទួលខុសត្រូវខ្ពស់ កម្លាំងទាំងអស់ត្រូវមានមុខតាមគោលដៅដែលបានកំណត់ក្នុងផែនការ នៅថ្ងៃទី០៩ ខែវិច្ឆិកា ។

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា៖ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាពល្អ មេបញ្ជាការនិងកងកម្លាំងទាំងអស់ត្រូវ ក្តាប់ពីសភាពការណ៍ក្នុងភូមិសាស្ត្រជុំវិញតំបន់ប្រារព្ធពិធីនិងកន្លែងប្រារព្ធពិធី ដោយប្រើប្រាស់វិធានការជំនាញ ត្រួតពិនិត្យ ស្រាវជ្រាវ រុករកអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញា សមាសភាពអាក្រក់ ដែលមានបំណងបំផ្លិចបំផ្លាញពិធីខាងលើ សំដៅរកឲ្យឃើញបាតុភាពនានា អំពីប្រភពព័ត៌មានដំបូង ដើម្បីជាមូលដ្ឋាន វាយតម្លៃឲ្យបានត្រឹមត្រូវ ធានាបានដល់ការបង្រ្កាបនិងម្ចាស់ការដោះស្រាយ នូវរាល់សភាពការណ៍ឲ្យបានមុន និងទាន់ពេលវេលា។

ជាមួយគ្នានោះដែរលោកឧត្តសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថា៖ ទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌនិងការបង្កចលាចលផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់ពិធី ត្រូវរៀបចំសណ្តាប់ធ្នាប់ មធ្យោបាយ និងកែសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ជៀសវាងការកកស្ទះ។ ក្នុងនោះត្រូវសហការជាមួយកម្លាំងអង្គរក្ស កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធានិងសមត្ថកិច្ចផ្សេងៗទៀតសំដៅធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពល្អប្រសើរ៕