ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកាខាងមុខ

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ចិកា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែនការងារជំនាញ លោកមេបញ្ជាការ បញ្ជាការរងវរ:សេនាតូចលេខ៨២៥ លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលក្រុង-ស្រុកទាំង៧ និងលោកនាយ នាយរងផ្នែកការិយាល័យជំនាញដោយវត្តមានសរុបចំនួន១៣៩ស្រី០៤នាក់។

ក្រោយពីបានស្តាប់នូវរបាយការណ៍បូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែតុលា និងមតិចូលរួមរបស់លោកអធិការ ស្នងការរងផែនការងារជំនាញរួចមក លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់  បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលទាំងអស់លើការទប់ស្កាត់និងបង្រ្កាបបទល្មើសផ្សេងៗទទួលបានលទ្ធផលល្អប្រសើរនៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ស្នងការក៏បានចង្អុលការដាក់ផែនការបញ្ចុះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន៤៦០នាក់ ស្រី ២៨នាក់ ដោយបែងចែកជា៣គោលដៅសំខាន់ៗ ដើម្បីចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងគណ:ប្រតិភូអមដំណើរដែលនឹងអញ្ជើញចុះមកសាកសួរសុខទុក្ខ និងចែកអំណោយ ព្រមទាំងស្រូវពូជដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានលើកឡើងពីវេនប្រចាំបញ្ជានៅស្នងការដ្ឋាននគរបាលខេត្ត និងនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវតែមានវត្តមានអ្នកប្រចាំបញ្ជា២៤ម៉ោង/២៤ម៉ោងឲ្យបានគ្រប់គ្នាទៅតាមវេននីមួយៗ ដើម្បីត្រៀមចុះអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានហេតុការណ៍អ្វីកើតឡើង ជាពិសេសត្រូវយកចិត្តទុកដាក់លើផែនការការពារសុវត្ថិភាពដើម្បីឲ្យមានសុវត្ថិភាពល្អ១០០% ជូនសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់  ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស: រួមសុខនិងរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនគិតពីការហត់នឿយផ្ទាល់ខ្លួនរបស់លោក  និងគណ:ប្រតិភូអមដំណើរដែលនឹងអញ្ជើញមកកាន់ទឹកដីនៃខេត្តពោធិ៍សាត់នាពេលខាងមុខដ៏ខ្លីនេះ ៕