ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីផ្សព្វផ្សាយផែនការអនុវត្តគណនេយ្យភាពសង្គម (ISAF) ដំណាក់កាលទី២ (ឆ្នាំ២០១៩-២០២៣) សម្រាប់ រដ្ឋបាលខេត្តកែប និងប្រកាសសមាសភាពក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត

ខេត្តកែប ៖ នៅព្រឹកថ្ងៃច័ន្ទ ៣ កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តគណនេយ្យភាពសង្គម (ISAF) ដំណាក់កាលទី២(ឆ្នាំ២០១៩-២០២៣) សម្រាប់រដ្ឋបាលខេត្តកែប និងប្រកាសសមាសភាពក្រុមការងារគណនេយ្យភាព សង្គមថ្នាក់ខេត្តនៅសាលាខេត្តកែប។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ខេត្តកែប ជាខេត្តគោលដៅមួយក្នុងការអនុវត្តកម្មវិធីគណនេយ្យភាពសង្គមដំណាក់កាលទី២ និងមានតំបន់គោលដៅរបស់កម្មវិធីនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដូច្នេះការផ្សព្វផ្សាយផែនការ អនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងការប្រកាសក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត នាពេលនេះ គឺ បង្ហាញ អំពីការ តាំងចិត្តខ្ពស់ក្នុងឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែងចំពោះការអនុវត្តកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និង ពិសេសផ្តោតទៅលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយរាប់បញ្ចូលទាំងស្រ្តីកុមារជនងាយ រងគ្រោះជនមានពិការភាពជាដេីម ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រតិបត្តិករផ្នែកផ្គត់ផ្គង់ដែលរួមមានក្រសួងស្ថាប័ន និងក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុងស្រុក អាជ្ញាធរមូលដ្ឋានតាមរយៈផែនការយុទ្ធសាស្រ្តស្តីពី គណនេយ្យភាពសង្គម សូមឲ្យមានការពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធនានាដែលជាផ្នែកតម្រូវការដើម្បីកំណត់យុទ្ធសាស្រ្តចាំបាច់ក្នុងការអនុវត្តសកម្មភាពជាក់លាក់មួយ ក្នុងការរួមចំណែកអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២៣) អោយទទួលបានជោគជ័យ។

ដើម្បីឲ្យការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងរដ្ឋបាលខេត្តកែប ទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តម បានផ្តល់នៅអនុសាសន៍មួយចំនួនដល់ក្រុមការងារគណនេយ្យភាពសង្គម ថ្នាក់ខេត្ត ក្រុង ស្រុក ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអនុវត្តនានា ត្រូវយកចិត្តទុកដាក់លើចំណុច សំខាន់ៗមួយចំនួនដូចជា÷
១-រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវអញ្ជេីញប្រជាពលរដ្ឋចូលរួមក្នុងការផ្សព្វផ្សាយ ព្រោះការចូលរួមរបស់ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់
២-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការអនុវត្តគណនេយ្យភាពសង្គម តាមរយៈប្រព័ន្ធសព្វផ្សាយសង្គម ឬក្នុងកិច្ចប្រជុំណាមួយដែលមានលក្ខណៈសមស្រប
២-រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្តល់កិច្ចសហការគាំទ្រ សម្របសម្រួល អង្គការដៃគូរ ក្នុងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមអោយបានល្អប្រសេីរ ៕