រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំ និងចុះពិនិត្យជាក់ស្ដែងពីការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច

ក្រចេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្តក្រចេះបានដឹកនាំក្រុមការងារដោះស្រាយជម្លោះដីធ្លីថ្នាក់ខេត្តប្រចាំស្រុកសំបូរ ដែលមានសមាសភាពពីមន្ទីរកសិកម្ម មន្ទីរដែនដី ស្នងការនគរបាល បញ្ជាការយោធា រាជអាវុធហត្ថ គណៈអភិបាលស្រុកសំបូរ មេភូមិ ឃុំ ពាក់ព័ន្ធ និង នាយប៉ុស្តិ៏នគរបាលរដ្ឋបាលពាក់ព័ន្ធ ដើម្បីប្រជុំពិភាក្សាការងារ និងចុះពិនិត្យទីតាំងជាក់ស្ដែង ករណីប្រជាពលរដ្ឋចូលទន្រានកាន់កាប់ដីរដ្ឋខុសច្បាប់លើទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនកាម៉ាដេនូវេនឈ័រនិងក្រុមហ៊ុនអ៊ិនខេអេហ្រ្គី ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ

ក្នុងកិច្ចប្រជុំឯកឧត្ដម គង់ គឹមនី បានធ្វើការព្រមានដល់អាជ្ញាធរ មូលដ្ឋានដែលមានតួនាទី ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិមិនត្រូវបើកដៃឲ្យមានការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយស្នើសុំកាត់ឆ្វៀលដី រំលោភទន្ទ្រានឲ្យក្រុមជនខិលខូចនោះទេ។ទាក់ទងជាមួយបញ្ហានេះឯកឧត្ដម សង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី មិនត្រូវបើកដៃ ឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ ហើយជនដែលរំលោភបំពានទន្ទ្រាន កាន់កាប់ដីរដ្ឋ តែងតែត្រូវបានប្រឈមមុខជាមួយច្បាប់ដោយចាំបាច់ ត្រូវតែអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដើម្បីប្រឆាំងនឹងការរំលោភបំពាននេះ។

ឯកឧត្ដមបានប្រសាសន៏បញ្ជាក់បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋ ខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជន ក្នុងឃុំស្រុក ឬមានបំណង ចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោង ដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។

ក្នុងឱកាសចុះពិនិត្យដល់ទីតាំងជាក់ស្ដែងឯកឧត្ដមមានប្រសាសន៏បន្ថែមទៀតថា  លោកបានបន្តថា ការធ្វើប្រទានកម្មដីរដ្ឋ ជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋ ព្រមទាំងកាត់បន្ថយបាន នូវការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន។ និងបានជម្រុញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងដីធ្លី នៅគ្រប់ស្ថាប័ន អង្គភាពទាំអស់ ត្រូវរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបជនខិលខូច ដែលបានរំលោភចូលកាប់ រុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋទាំងបំពានច្បាប់ ត្រូវនាំខ្លួនទៅអនុវត្តន៍តាមច្បាប់ប្រទេស ដោយមិនត្រូវ លើកលែងឲ្យជនខិលខូចទាំងនោះជាដាច់ខាត  ម៉្យាងវិញទៀតអាជ្ញាធរភូមិ ឃុំ និងម្ចាស់ក្រុមហ៊ុនខិតខំចុះពិនិត្យតាមដានជាប្រចាំនៅដែនដីរបស់ខ្លួន កុំឲ្យកើតមានឡើងការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋ និងខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់លាស់ពីទោសទ័ណ្ឌនៃការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់