ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអនុវត្តដីកាបញ្ជាអោយចូលខ្លួនរបស់សាលាដំបូងខេត្តកណ្តាល

ខេត្តតាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីអនុវត្តដីកាបញ្ជាអោយចូលខ្លួនរបស់សាលាដំបូងខេត្តកណ្តាល។ ជនសង្ស័យម្នាក់ឈ្មោះ វិច ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល អាសយដ្ឋានបច្ចុប្បន្នមកស្នាក់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតជាប់ទំនប់ទទឹងថ្ងៃ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ហុិន សុខខេង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីឯឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្ដាល ក្រោយពីបានឃាត់ខ្លួនជនសង្ស័យខាងលើរួច កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រគល់ជូន កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី។