ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកំពង់ឆ្នាំង សង់រង្វង់មូលទី៣ផ្លូវវាងក្រុងដាក់រូបសំណាកនារីស្មូនឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រូបនារីស្មូនឆ្នាំង បង្ហាញពីស្នាដៃនៃការស្មូនឆ្នាំង របស់អ្នកខេត្តកំពង់ឆ្នាំង នឹងកសាងឡើងដាក់នៅរង្វង់មូលផ្លូវបំបែកវាងក្រុង ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីសែនក្រុងពលីសុំម្ចាស់ទឹកដី ដើម្បីបញ្ចុះបឋមសិលាសាងសង់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់លោកជំទាវ ប៊ន សុភី អភិបាលងរងខេត្ត និងលោក លោកស្រី ថ្នាក់ដឹកនាំមន្រ្តីរាជាកាតាមមន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា រូបសំណាកនារីស្មូនឆ្នាំង សង់នៅលើរង្វង់ផ្លូវបំបែកជាបី ជាផ្លូវវាងក្រុងស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥។ តាមរយៈនៃការអនុវត្តគម្រោងនេះ ខេត្តកំពង់ឆ្នាំង មានផ្លូវវាងក្រុង និងកន្លែងទីប្រជុំជនចំនួន៣កន្លែង ទី១.គឺផ្លូវវាងទីប្រជុំជនផ្សារឧត្តុង្គ ឆ្លងកាត់ស្រុកសាមគ្គីមានជ័យ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដាក់រូបសំណាកព្រះគោព្រះកែវ ទី២.គឺផ្លូវបំបែកវាងក្រុង អាជ្ញាធរខេត្ត ដាក់រូបសំណាកឆ្នាំង និងទី៣ គឺរូបសំណាក់នារីស្មូនឆ្នាំង ដែលសង់នៅលើផ្ទៃដីប្រមាណជាង៣ពាន់ម៉ែត្រក្រឡា ៕