ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ឈួរ ច័ន្ទឌឿន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងកែសម្រួលឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងកែសម្រួលឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅតាមក្រុង ស្រុក។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល នាយករដ្ឋបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា យោងតាមច្បាប់ស្ដីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្ដីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង និងក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក នៅរៀងរាល់ត្រីមាសទី៤នៃឆ្នាំនីមួយៗ រដ្ឋបាលខេត្តត្រូវសហការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាន និងដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចល្អ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្ដមបានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យខ្លឹមសាររបាយការណ៍ និងឯកសារពាក់ព័ន្ធទាំងអស់ និងពិនិត្យដំណើរការរៀបចំវេទិកា ឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ និងត្រូវគោរពគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕