ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យ សភាពការណ៍ លទ្ធផលការងាររយះពេល៩ខែ ឆ្នាំ២០២០

ខេត្តកែប ៖ រសៀលថ្ងៃពុធ ០៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ សភាពការណ៍ លទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងនគរបាលក្រុង ស្រុកទាំង២ ប្រធាន អនុប្រធានក្រុមចំរុះនគរបាលខេត្តគ្រប់ក្រុម ប្រធាន អនុប្រធានក្រុមអន្តរាគមន៍ទាំង៣ក្រុម និងនាយ នាយរងប៉ុស្តិ៍រដ្ឋបាលទាំង៥ ឃុំ សង្កាត់ ដែលមានសមាសភាពចំនួន១០៣នាក់។

តាមរបាយការណ៍ ការងាររយះពេល៩ខែ ដែលអានដោយនាយការិយាល័យសរុបផែនការ បានឱ្យដឹងថា សភាពការណ៍រួមមានស្ថិរភាពល្អលើគ្រប់ផ្នែក គ្រប់វិស័យ ពិសេសគឺបានរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យប្រពៃណីជាតិ និងការពារព្រឹត្តិការណ៍ផ្សេងៗ ដែលពិធីខាងលើមានប្រជាជនចូលរួមរាប់មុឺននាក់ ប្រកបដោយសុវត្ថិភាព និងជោគជយ័។
អង្គប្រជុំក៏បានស្តាប់ការចូលរួមយោបល់ពីសមាជិកអង្គប្រជុំ អំពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។
មានប្រសាសន៍បូកសរុបអង្គប្រជុំលោកឧត្តមសេនីយ៍ស្នងការ បានសំដែងក្តីអំណរសាទរចំពោះលទ្ធផលដែលសម្រេចបានកន្លងមក និងបានផ្តល់មតិមួយចំនួនជុំវិញ វិធានការ ពង្រឹងសន្តិសុខ សណ្តាប់សាធារណៈ សុវត្ថិភាពសង្គម ក្តាប់សភាពការណ៍ ការបំផុសចលនាមហាជន បង្ការទប់ស្កាត់ការបំផុសអូសទាញខុសច្បាប់ពីក្រុមប្រឆាំងក្រៅច្បាប់ បង្ការការប៉ុនប៉ងបង្កចលាចលសង្គម ការពារឱ្យបានដាច់ខាតសន្តិភាព ស្ថេរភាព ដែលកំពុងមានសព្វថ្ងៃ។

បន្ថែមពីនេះត្រូវពង្រឹងវិធានការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន បង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យថយចុះនៅកំរិតជាអប្បបរមា ការជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការគ្រប់គ្រងការស្នាក់នៅជនបរទេស ការគ្រប់គ្រងវត្តមានកម្លាំងប្រថ្ងៃ ប្រចាំវេនដើម្បីធានាសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ឱ្យបានល្អជាវិជ្ជមានជាបន្តទៀត។
លោកស្នងការ ក៏បានសង្កត់ធ្ងន់ឱ្យមន្ត្រីដឹកនាំ និងមន្ត្រីជំនាញទាំងអស់ត្រូវខិតខំពង្រឹងវិន័យផ្ទាល់ខ្លួនដើម្បីក្លាយទៅជាមន្ត្រីគំរូ មានរបៀបរបបការងារល្អ ឆ្លើយតបបានសំណូមពរការងារបច្ចុប្បន្ននេះ។ ទន្ទឹមនោះលោកស្នងការ ក៏បានណែនាំដល់គ្រប់អង្គភាពត្រូវបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តវិធានការ បង្ការការរីករាលដាលវីរុសកូវីដ-១៩ ជូនដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋឱ្យបានជ្រាបផងដែរ ៕