ព័ត៌មានក្នុងប្រទេស

TikTok សម្រេចកិច្ចព្រមព្រៀងដែលអាចរក្សាប្រតិបត្តិការរបស់ខ្លួនក្នុងទឹកដីអាមេរិក

Reuters: យោងតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ (ទី១៩ កញ្ញា) កន្លងទៅនេះបានឲ្យដឹងថា លោកបានបង្ហាញការគាំទ្រដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ទោះបីជាវាហាក់បីដូចជាមានការខ្វែងគ្នាទៅនឹងបទបញ្ជាកាលពីពេលកន្លងទៅរបស់លោកយ៉ាងណាក្តី។

សូមជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនឈ្មោះ ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមវិដេអូ TikTok  បានព្យាយាមស្វះស្វែងរកដំណោះស្រាយដើម្បីរារាំងក្នុងការបិទប្រតិបត្តិការរបស់ខ្លួនក្នុងទឹកដីអាមេរិក បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រ (ទី១៨ កញ្ញា) កន្លងទៅថា ខ្លួននឹងបិទប្រតិបត្តិការក្នុងការទាញយកនិងធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្តាញសង្គម TikTok ចាប់ពីថ្ងៃអាទិត្យ (ទី២០ កញ្ញា)តទៅ។

ទាក់ទងនឹងការសម្រេចបិទប្រតិបត្តិការបណ្តាញសង្គមដែលកំពុងទទួលបានប្រជាប្រិយភាពខាងលើនេះ ក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិកបានសម្តែងការព្រួយបារម្ភថាទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិកាំងចំនួន ១០០ លាននាក់ដែលកំពុងប្រើកម្មវិធីបណ្តាញសង្គមនេះ ត្រូវបានបញ្ជូនទៅឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងដែលស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន។

សូមរំលឹកថា កាលពីនៅថ្ងៃទី ១៤ ខែសីហា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយទុកពេលឱ្យក្រុមហ៊ុន ByteDance នូវរយៈពេល ៩០ ថ្ងៃដើម្បីលក់ប្រតិបត្តិការបណ្តាញសង្គម TikTok ទៅឲ្យក្រុមហ៊ុនអាមេរិកដែលត្រូវបានគេដឹងថាជាក្រុមហ៊ុន Microsoft របស់លោក Bill Gates ដែលជាមហាសេដ្ឋីពិភពលោក។

ជុំវិញដំណោះស្រាយក្នុងការបន្តរក្សាប្រតិបត្តិការរបស់ TikTok ក្នុងទឹកដីអាមេរិក លោក Trump បានលើកឡើងថា ក្រុមហ៊ុន TikTok នឹងត្រូវបានកាន់កាប់ដោយក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា TikTok Global ហើយនឹងមានការិយាល័យកណ្តាលនៅក្នុងសហរដ្ឋអាមេរិកដែលទំនងជាមានទីតាំងក្នុងរដ្ឋ Texas។

ជាមួយគ្នានេះ ក្រុមហ៊ុន Oracle Corp ក៏បានប្រកាសឲ្យដឹងដែរថា ខ្លួននឹងកាន់កាប់ភាគហ៊ុន ១២.៥ ភាគរយក្នុងក្រុមហ៊ុន TikTok Global ហើយនឹងមានភារៈកិច្ចរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok ក្នុងទឹកដីអាមេរិកនៅលើប្រ័ពន្ធរបស់ខ្លួនដើម្បីគោរពតាមលក្ខខណ្ឌសន្តិសុខជាតិរបស់អាមេរិក។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិកឈ្មោះ Walmart ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងកាន់កាប់ភាគហ៊ុន ៧.៥ ភាគរយនៅក្នុងក្រុមហ៊ុន TikTok Global ។

យ៉ាងណាមិញ គេនៅមិនទាន់អាចវាយតម្លៃនិងបញ្ជាក់បាននៅឡើយទេថាតើការវិនិយោគលើក្រុមហ៊ុន TikTok Global ថ្មីនេះមានទំហំប៉ុនណា? មានក្រុមហ៊ុនណាខ្លះជាម្ចាស់ភាគហ៊ុន? ហើយក្រុមហ៊ុន ByteDance នឹងមានភាគហ៊ុនប៉ុន្មានក្នុងក្រុមហ៊ុនថ្មីនេះ៕