រដ្ឋបាលរាជធានី-ខេត្ត

លោក លឿង សុភក្តិ អភិបាល ស្រុកស្វាយចេក នាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក លឿង សុភក្តិ អភិបាលនៃគណៈស្រុកស្វាយចេក នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយចេក នាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីនេះផងដែរ ក៏មាន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងអស់លោជាមេបញ្ជាការរងបានទទួលស្វាគមន៍ ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកដោយក្តីរីករាយផងដែរ ។

ថ្លែងនាឱកាសនោះ លោក លឿង សុភ្តិ អភិបាលស្រុកស្វាយចេក បានជំរាបជូនលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តថា ៖ នៅឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ លោកនិងក្រុមការងារ បាននាំយកនំអន្សមគ្រប់ប្រភេទសរុបចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ ដែលកំពុងអប់រំផ្តាច់គ្រឿងញៀន ត្រូវតែតស៊ូនិងខិតខំកែខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមពេលធ្វើសមាហរណកម្មត្រឡប់ទៅមូលដ្ឋានវិញ មិនត្រូវប្រព្រឹត្តនូវការសេពគ្រឿងញៀននេះបន្តទៀត ត្រូវកសាងខ្លួនជាមនុស្សល្អ យុវជនល្អ ជាសរសរទ្រូងនៃប្រទេសជាតិ គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញនូវអនាគត បំផ្លាញទ្រព្យសម្បត្តិគ្រួសារនិងសង្គមជាតិយើង ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងាររដ្ឋបាលស្រុកស្វាយចេក ដែលដឹកនាំដោយ លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ដែលបាននាំយកនំអន្សម គ្រប់ប្រភេទ ចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្តាច់គ្រឿងញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តពេលនេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងសូមឲ្យលោកអភិបាលស្រុកស្វាយចេក ជួបប្រទះតែសេចក្តីសុខ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំក្រុមការងាររដ្ឋបាលស្រុកបំរើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន កាន់តែទទួលបានជោគជ័យ៕