ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្តីលេងប្រពន្ធហើយ បែរជាដាច់ចិត្តមិនអស់មកអោបប្រពន្ធមិនឲ្យអោបក្លាយជាហឹង្សាប្តីចិត្តប្ញស្យ៉ា កាប់យ៉ាវសាហាវគ្មានញញើតដៃចំនួន០៥កាំបិតរបួសធ្ងន់ រួចរត់គេចខ្លួនបាត់

បន្ទាយមានជ័យ ៖ បុរសម្នាក់បានលេងលះគ្នាជាមួយប្រពន្ធបានរយៈពេលជាង១០ថ្ងៃ(២៨/០៨/០២០ដល់១១/០៩/០២០)បែរមានចិត្តប្រច័ណ្ឌជាមួយស្ត្រីជាប្រពន្ធ បានយកកាំបិតមកកាប់យ៉ាងសាហាវគ្មានញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលស្ត្រីរងគ្រោះមកពីហូបបាយជាមួយមិត្តភ័ក្ត្រស្រីដូចគ្នា។ ហេតុការណ៍នៃអំពើហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក​ មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ជនរងគ្រោះ ឈ្មោះ ឃាង ឆវី ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែកជនសង្ស័យ ឈ្មោះ ហាន តៃ ភេទប្រុសអាយុ៤៩ឆ្នាំ (អតីតជាប្តី ជនរងគ្រោះ) ។

លោកអធិការបានបញ្ជាក់ថា​ ៖ ស្ត្រីរងគ្រោះ និងជនដៃដល់ជាប្តី បានធ្វើលិខិតលែងលះគ្នា កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយបាននាំគ្នាទៅផ្តឹតមេដៃនៅផ្ទះលោកមេភូមិ ចំណែកបុរសជាប្តីសុខចិត្ត ចុះចេញពីផ្ទះហើយ ទៅរស់នៅជាមួយប្អូន ដែលមានផ្ទះជិតផ្ទះជនរងគ្រោះ ចំណែកស្ត្រីរងគ្រោះរស់នៅម្នាក់ឯង ចំណែកកូនចំនួន៣នាក់ បានទៅធ្វើការនៅប្រទេសថៃ ។ចំពោះការលែងលះគ្នានេះ គឺដោយសារតែបុរសជាប្តីបានយកស្រីមកដេកនៅនឹងផ្ទះខណៈពេល ដែលស្ត្រីរងគ្រោះជាប្រពន្ធទៅធ្វើការនៅថៃជាមួយកូន ដើម្បីរកលុយមកដោះសងជំពាក់គេ តែប្តីបានសុំទិញម៉ូតូសិន ប្រពន្ធក៏ព្រមឲ្យទិញ ក្រោយទិញម៉ូតូបានហើយប្រពន្ធតែងតែផ្ញើលុយមកជារៀងរាល់ខែដើម្បីឲ្យប្តីដោះសងជំពាក់គេ តែបែរជាប្តីមិនបានសងគេទេបែរយកលុយនាំស្រីមកដេកនឹងផ្ទះ។ នៅថ្ងៃមួយនៅពេលប្រពន្ធត្រឡប់ពីថៃមកផ្ទះវិញបានជួបហេតុការណ៍ឃើញប្តីយកស្រីមកដេកនឹងផ្ទះ តែជនរងគ្រោះមិនបាននិយាយស្តីអ្វីទេ ដោយគ្រាន់តែប្រាប់ថាបើលេងស្រីឲ្យចេះការពារ ហើយក៏មានរឿងបន្តិចបន្តួចក៏ឈប់ទៅ បន្ទាប់មកបុរសជាប្តីបានដឹកស្រីទៅបាត់ ក្រោយមកបានរយៈពេលប្រហែល ជាមួយសប្តាហ៍ ជនដៃដល់ជាប្តីបានសុំលុយប្រពន្ធចំនួន៥ពាន់បាតធ្វើម៉ូតូ តែប្រពន្ធថាម៉ូតូថ្មីខូចអីវា ប្តីថាធ្វើម៉ូតូមួយទៀត ពេលប្រពន្ធឲ្យលុយទៅយកលុយនោះទៅដេកស្រី ចំណែកម៉ូតូក៏មិនបានធ្វើហើយកើតជារឿងរ៉ាវ បុរសជាប្តីថារស់នៅជាមួយគ្នាមិនបានទេ មានតែលែងលះគ្នា ដោយប្រពន្ធឆ្អែតចិត្តដែរ ថាលែងគ្នាក៏បាន ប្តីចិត្តកំណាចបានសរសេរលិខិតដោយខ្លួនឯងហើយនាំគ្នាទៅផ្តឹតមេដៃនៅផ្ទះមេភូមិ ។

លោកអធិការបានបន្តថា ៖​ ក្រោយពីលែងលះគ្នាហើយ បុរសជាប្តីនោះចង់មកផ្សះផ្សារជាមួយប្រពន្ធវិញតែប្រពន្ធមិនព្រម ហើយប្អូនបង្កើតជនដៃដល់និយាយថារឿងនេះបងទេជាអ្នកខុស តែបើចង់ជួបចែវិញចាំរកចាស់ទុំទៅនិយាយជាមួយចែ នៅយប់ថ្ងៃកើតហេតុមានមិត្តភ័ក្រ្តជនរងគ្រោះឈ្មោះ ខាន់ សុលេម ភេទស្រី អាយុ៤៨ឆ្នាំនៅភូមិជាមួយគ្នា បានមកឌុបជនរងគ្រោះទៅហូបបាយនៅផ្ទះរបស់គេ នៅពេលត្រឡប់មកវិញ មិត្តភ័ក្ត្រនោះក៏ឌុបមកផ្ទះវិញឈប់នៅមុខផ្ទះ ស្រាប់តែពេលនោះ បុរសជាប្តីបានដើរតម្រង់មកដោយមានកាន់កាំបិតខ្វែវ ស្ទុះមកអោបស្ត្រីរងគ្រោះ ពេលនោះក៏មានការប្រតាយប្រតប់គ្នា ស្ត្រីរងគ្រោះត្រូវចំនួន០៥កន្លែង​ ៖ ត្រូវមុខចំច្រមុះមកត្រចៀក, ត្រូវមាត់មកថ្គាម , ត្រូវស្មា ខាងស្តាំ, ត្រូវកញ្ចឹង ក, ត្រូវកំភួនដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី។ ជនដៃដល់ជាប្តី ក្រោយពីធ្វើសកម្មភាពរួចបានកាន់កាំបិតរត់គេចខ្លួនបាត់ ពេលនេះកម្លាំងនគរបាលស្រុក កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕