រដ្ឋបាលរាជធានី-ខេត្ត

អភិបាលក្រុងសិរិសោភ័ណ​ ណែនាំដល់សាលារៀន​ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន​ តាមគោលការក្រសួងអប់រំ​ និងក្រសួងសុខាភិបាល

បន្ទាយមានជ័យ​ ៖​ ដេីម្បីសុខុមាលភាពរបស់សិស្សានុសិស្ស​ នៅក្នុងដំណាក់កាលនៃការបេីកឲ្យដំណេីរការគ្រឹះស្ថានមត្តេយ្យសិក្សា​ និងសេវាអប់រំកុមារតូច​ បឋមសិក្សា​ មធ្យមសិក្សា​ និងគ្រឹស្ថានសិក្សា​ ឯកជនក្នុងដំណាក់កាលទី២នេះ​ ក៏ដូចជាតាមគោលការណ៍ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ ពិសេសក្រសួងសុខាភិបាល លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុងសិរិសោភ័ណ​ និងប្រធានគណបញ្ជាការឯកភាពរដ្ឋក្រុងសិរីសោភ័ណ​ ដាក់ចេញវិធានការដល់ការិយាល័យអប់រំ​ ក៏ដូចជាបណ្តារសាលារៀនដែលបេីកដំណេីរ​ ត្រូវមានការពិនិត្យឲ្យបានត្រឹមត្រូវនូវឧបករណ៍វាស់កំដៅ​ សាប៊ូ​ ទឹកអាល់កុល​ ចែលសម្លាប់មេរោគ​ នឹងម៉ាសសម្រាប់ចែកជូនដល់សិស្សានុសិស្ស​ ការពារ​ពីការចម្លងមេរោគកូវីដ-១៩។

ការដាក់ចេញវិធានការនេះនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋក្រុងសិរីសោភ័ណ​ នៅព្រឹកថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅសាលាប្រជុំ​ សាលាក្រុង​សិរីសោភ័ណ​។

លោក​ ហ៊ឹល​ រ៉ាយ៉ា​ ក៏បានបញ្ជាក់ថា​ ៖​ ស្របពេលដែលសាលារៀនបេីកឲ្យដំណេីការក្នុងដំណាក់កាលទី២នេះ​ គ្រប់សាលារៀនទាំងអស់ត្រូវរៀបចំអនុវត្តតាមគោលការណែនាំរបស់ក្រសួងអប់រំ​ ដោយត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព​ បរិយាបន្ន​ ផាសុខភាព​ និងមេត្រីភាព,​ ការរក្សាគម្លាតសុវត្ថិភាពក្នុងគ្រឹះស្ថានសិក្សា,​ លេីកកម្ពស់សុខភាពចាំបាច់សម្រាប់អ្នកសិក្សា​ បុគ្គលិក​អប់រំ​ និងបុគ្គលិក​ផ្សេងទៀត,​ បរិក្ខារ​សម្ភារអនាម័យ​,​ ការអប់រំសុខភាព​ និងបណ្តុះបណ្តាលអំពីវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩។

លោកអភិបាលក្រុង​ ក៏បានជម្រុញបន្ថែមដល់អ្នកពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយឲ្យបានផុសផុលដល់អាណាព្យាបាលឲ្យពួកគាត់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩​ ដោយឲ្យពួកគាត់ត្រៀមទឹកអាល់កុល​ ឬជែល​សម្លាប់មេរោគ​ ឬរបាំងការពារមុខ​ ជូនដល់កូនៗពួកគាត់​ ដេីម្បីចូលរួមការពារពីការចម្លងកូវីដ-១៩៕​