ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើក​ទិសដៅឆមាសទី២ ឆ្នាំ២០២០

ខេត្តស្វាយរៀងនាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឧត្តមសេនីយ៍ឯកជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ ប្រធានទីស្នាក់ការច្រកទ្វាព្រំដែនក្នុងខេត្ត គ្រូពេទ្យព្យាបាលអ្នកគ្រឿងញៀនគ្រឿងញៀន  ប្រធានការិយាល័យBLO ក្នុងខេត្ត និងកងកម្លាំងពាក់ព័ន្ធសរុបវត្តមានចំនួនប្រមាណ ១១៦នាក់

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត និងលោកជំទាវបានផ្ដាំផ្ញើដល់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នូវកិច្ចការមួយចំនួនដូចជា៖

ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់គ្មានគ្រឿងញៀន ពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត

ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម ក្នុងកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន

កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុបខិតខំសហការប្រមែប្រមូលព័ត៌មាន ភស្តុតាង កំណត់ និងក្ដាប់ឲ្យបាននូវមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវការលួចលាក់នាំចូលគ្រឿងញៀនពីខាងក្រៅ ទាំងការយកមកចែកចាយ ជួញដូរក្នុងខេត្ត និងការប៉ុនប៉ងនាំចេញឆ្លងដែនទៅប្រទេសទីបី និងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់កាត់ផ្តាច់ខ្សែរយៈបណ្ដាញ និងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់

ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀនក្នុងខេត្ត

កងកម្លាំង និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវចៀសវាងឲ្យបានជាដាច់ខាតនូវកុំ៤គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ

ត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបានតឹងរ៉ឹងបំផុត សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាព

ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅតាមបណ្ដាមូលដ្ឋាន

.ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់នៅក្នុងខេត្ត និងបង្កើនការយកចិត្តទុកដាក់ដឹកនាំ ចាត់ចែង រៀបចំ និងបង្កលក្ខណៈតាមគ្រប់រូបភាព ដែលអាចធ្វើឲ្យអ្នកញៀនគ្រឿងញៀនដែលនៅសេសសល់ បានទៅទទួលយកសេវាព្យាបាល និងស្ដារនីតិសម្បទាឲ្យបានជាប់ជាប្រចាំ និងផុសផុលថែមទៀត