ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររយ:ពេល ៩ ខែ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកងរាជអាវុធហត្ថ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថរយ:ពេល ៩ ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០២០។

ក្នុងនោះក៏មានការសំណេះសំណាលជាមួយអតីតយុទ្ធជន កងរាជអាវុធហត្ថ ដោយមានអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុង-ស្រុក-ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សរុបអ្នកចូលរួមចំនួន ១១៦ នាក់។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសាកសួរសុខទុក្ខ និងចែកអំណោយដល់អតីតយុទ្ធជន កងរាជអាវុធហត្ថ ចំនួន ២៧ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន៖ អង្ករចំនួន ០១ ការ៉ុង សារ៉ុងចំនួន ០១ រួមជាមួយនិងថវិកាចំនួន ៤០.០០០ រៀលផងដែរ ៕