ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកែប សហការជាមួយសភាពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២០ រៀបចំកម្មវិធី “តោះ!យើងនាំគ្នាដាំដើមឈើ ២០២០”

ខេត្តកែប ៖ កិច្ចការថែរក្សាបរិស្ថាន និងធ្វើអោយមាននិរន្តរភាពព្រៃឈើ វាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនថាក្រសួង ស្ថាបន អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ឬអង្គការសង្គមស៊ីវិលណាមួយឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានសហការជាមួយសភាពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២០ រៀបចំកម្មវិធី “តោះ!យើងនាំគ្នាដាំដើមឈើ ២០២០” ចំនួន ១.០០០ដើម នៅតាមសង្ខាងផ្លូវពីរង្វង់មូលសេះសរ ឆ្ពោះទៅកាន់ឆ្នេរកែប ។ កម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យដ៏ជ្រាលជ្រៅនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម ខៀវ បូរិន អគ្គនាយកនានៃអគ្គនាយកដ្ឋានសហគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក យុវជន យុវនារី និងក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គ្រប់សាខា ក្រុមការងារស្ម័គ្រចិត្តនៃយុទ្ធនាការដាំកូនឈើ ២០២០ សរុបប្រមាណ ៣០០នាក់ ។
ថ្លែងទៅកាន់ពិធីនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍កោតសរសើរ ក្នុងក្តីសោមនស្សរីករាយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គ្រប់សាខា ព្រមទាំងក្រុមការងារស្ម័គ្រចិត្តនៃយុទ្ធនាការដាំកូនឈើ ២០២០ ដែលបាលជ្រើសរើយយកខេត្តកែបសម្រាប់ធ្វើពិធីដាំកូនឈើសម្រាប់ឆ្នាំ២០២០ ដែលមានឈ្មោះថា “តោះ!យើងនាំគ្នាដាំដើមឈើ ២០២០” នៅខេត្តកែបនាឱកាសនេះ ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដើម្បីធ្វើអោយមានតុល្យភាពរវាងបរិស្ថាន និងការអភិវឌ្ឍ។
ប្រទេសកម្ពុជា ដែលជាប្រទេសមួយដែលមានសក្តានុពលផ្នែកបរិស្ថាន ខ្ញុំជឿងជាក់ថា
ព្រៃឈើនឹងក្លាយជាសម្បត្តិដ៏មានតម្លៃនៅថ្ងៃអនាគតដោយមានការគាំទ្រពីយើងទាំងអស់គ្នា។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកែប ក៍បានចូលរួមចំណែកក្នុងការស្ថាបនារុក្ខជាតិបៃតងផងដែរ ដូចដែលបានឃើញ រាល់ការសាងសង់ផ្លូវថ្នល់ថ្មីៗ រឺការកែសម្រួលផ្លូវសួនច្បារ និងទីសាធារណៈ ខេត្តកែប បានដាក់បញ្ចូលបរិស្ថានបៃតង ដូចជាការដាំដើមឈើលម្អរជាហូរហែរ។ ហើយការថែទាំបរិស្ថានបៃតងទាំងនេះ ត្រូវបានឆ្លងការសិក្សាយ៉ាងយកចិត្តទុកជាមួយអ្នកជំនាញ និងដៃគួរសហប្រតិបត្តិការ ដើម្បីផ្ដល់នូវផាសុកភាព និងគុណភាពនៅក្នុងការរស់នៅអោយកាន់តែប្រសើរឡើងពី១ឆ្នាំ ទៅ១ឆ្នាំ យើងសូមគាំទ្រនូវសកម្មភាពដែលមានការបំផុសអោយមានការដាំកូនឈើមិនថានៅតាមតំបន់ព្រៃអភិរក្ស សាលារៀន រឺទីសាធារណៈក្តី។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃទឹកចិត្តស្រលាញ់បរិស្ថាន ក៏ដូចជាការដាំដើមឈើនឹងដក់ជាប់ជាផ្នត់គំនិតសម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយទៀត។
ជាចុងក្រោយឯកឧត្តមភិបាលខេត្តក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ រួមជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ដើម្បីថែរក្សាអនាម័យសុខភាពឪ្យបានយូរអង្វែង ចូលរួមគោរពច្បាប់ចរាចរណ៍ ឆៀកចាកឆ្ងាយពីគ្រឿងញៀន និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងអស់គ្នា ដើម្បីប្រទេសយើង មូលដ្ឋានយើងរស់ប្រកបដោយសុខុដុមរមនាក្រោមម្លប់នៃសន្តិភាព ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត និងសមាជិក សមាជិកានៃអង្គពិធីក៏បានចូលរួមដាំកូនឈើទាំងអស់គ្នាផងដែរ៕