ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា លើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២០

ខេត្តតាកែវ​៖​ រសៀលថ្ងៃអង្គារ ៧កេីត ខែភទ្របទ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា លើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២០ និងប្រគល់ប័ណ្ណសរសើរ វិញ្ញាបនប័ណ្ណបត្របញ្ជាក់ការសិក្សាជូនដល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជេីញចូលរួមពីៈ លោក​ លោកស្រី​ ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង​ លោក​នាយ ​នាយរងការិយាល័យទទួលការងាររដ្ឋបាល នៃការិយាល័យជំនាញ​ទាំង៣២ លោកអធិការ​ អធិការរងទទួលការងារសេនាធិការ គ្រប់ស្រុក-ក្រុង លោក មេបញ្ជាការ បញ្ជាការរងទទួលការងារសេនាធិការ នៃវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង លោក នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន៤១១នាក់​ ស្រី១២នាក់។មានមតិស្វាគមន៍ក្នុងឱកាសនោះលោក វរសេនីយ៍ទោ​ ពោង សៀន នាយរងការិយាល័យសរុបផែនការ​បានអានរបាយការណ៍ប្រចាំខែសីហា និងលេីកទិសដៅអនុវត្តបន្តការងារ ខែកញ្ញា ឆ្នាំ២០២០ ជូនអង្គពិធីជ្រាប។បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ុក ម៉ាប់ នាយការិយាល័យបុគ្គលិកអានប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចមក លោក
ឧត្តមសេនីយ៍ទោ ស្នងការគណៈអធិបតីបានផ្តល់កិត្តិយស ប្រគល់ កុំព្យួទ័រចំនួនប្រាំមួយគ្រឿងជូនដល់ លោកស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្សចំនួនប្រាំគ្រឿង និងលោកស្នងការរង ទទួលផែនការងារសន្តិសុខ ចំនួនមួយគ្រឿង និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្រ្តីនគរបាលដែលមានស្នាដៃល្អចំនួន៨៤នាក់ វិញ្ញបនប័ណ្ណជូនដល់មន្រ្តីនគរបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ ចំនួន៧០នាក់។
ថ្លែងក្នុងអង្គប្រជុំនោះ​ដែរលោក ឧត្តមសេនីយ៍ទោ​ ស្នងការ បានណែនាំពង្រឹងវិន័យលេខ (០០៦បបជ)របស់កងកម្លាំងនគរបាលជាតិ ដល់មន្រ្តីនគរបាលទទួលបានប័ណ្ណសរសើរ វិញ្ញាបនបត្រថ្មីៗត្រូវតែខិតខំបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូន និងជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងការចុះជួយតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងវេនប្រចាំការ២៤ម៉ោងលេី២៤ម៉ោង ចេញល្បាតចល័តជាប្រចាំ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ឲ្យបានទាន់ពេលវេលា ពិសេសការចុះអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងចូលរួមឲ្យបាន សកម្មក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ​ក្នុងមូលដ្ឋានខេត្ត។ទន្ទឹមនឹងនោះត្រូវចូលរួម អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺCOVID-19 សំដៅការពារសុខមាលភាពមន្រ្តីនគរបាល និងក្រុមគ្រួសារឲ្យធ្វើអនាម័យឲ្យបានខ្ចាប់ខ្ជួនដោយលាងដៃនិងសាប៊ូ​ ឬទឹកអាល់កុលមុនចូលធ្វើការផងដែរ៕