ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលអោយអ្នកបើកបរទាំងពីរស្លាប់បាត់បង់ជីវិត

មណ្ឌលគិរី៖នៅថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក.ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នាវេលាម៉ោង១៨និង០៥នាទី នៅលើដងផ្លូវជាតិលេខ៧៦A នៅត្រង់ចន្លោះគីឡូម៉ែត្រ៣-៤  ស្ថិតនៅភូមិពូលូង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបណ្តាលមកពី អ្នកបើកបរម៉ូតូម៉ាកអិចសិនធ័របើកវ៉ារថយន្តហើយផ្លូវកោងក៏ចូលទៅខាងឆ្វេងដៃទៅបុកនឹងម៉ូតូម៉ាកវ៉ូវ តែម្តងបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ អើច ញ៉េប ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បើកបរម៉ូតូម៉ាកវ៉ូវ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ គ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

២.អ្នកបើកបរម៉ូតូម៉ាកអ៊ិចសិនធ័រ ពណ៌ក្រហម គ្មានស្លាកលេខ មិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ មានឈ្មោះ ជុក វ៉ាក់ អាយុ២៨ឆ្នាំ ជនជាតិភ្នង រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសពជនរងគ្រោះម្នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកមកដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ។