ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉ក ស្រុកកោះធំ​ ខេត្តកណ្តាល

ខេត្ដកណ្ដាល៖នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២  ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង២៣:០០ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉ក  បណ្ដាលឲ្យ ស្លាប់១នាក់  ខូចខាតម៉ូតូធ្ងន់១គ្រឿង រុឺម៉កខូចស្រាលលើកំណាត់ផ្លូវជាតិលេខ២១ ចំណុច គីឡូម៉ែត្រលេខ ៥២ ខាងជើងព្រែកចាន់ ( ទី ៦០ ) ប្រហែល ១០០ម៉ែត្រ  ស្ថិតនៅក្នុងភូមិពោធិរាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល

នៅថ្ងៃខែឆ្នាំ វេលាម៉ោង ខាងលើមាន ម៉ូតូម៉ាក យ៉ាម៉ាហា សេ ១៥០ ពណ៌ស អត់ស្លាកលេខ អត់កញ្ចក់ បើកបរមានទិសដៅពីត្បូងទៅជើង ( ជ្រៃធំ តាខ្មៅ ) បើកបរដោយឈ្មោះ ភ័ណ្ឌ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល  អត់ពាក់មួកសុវត្តិភាព ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) បានបើកបុកម៉ូតូ  សណ្ដោងរ៉ឺម៉ក ម៉ាក ហុងដា វ៉េវ សេ១២៥ ពណ៌ក្រហម + ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 AZ 0573 ដែលកំពុងឈប់ លើជាយផ្លូវស្របទិស ចរាចរណ៍ ហើយអ្នកបើកបរ ចុះបត់ជើងតូច  អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់

ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូសណ្តោងរ៉ឺម៉ក ធ្វេសប្រហែស ឈប់លើជាយផ្លូវ ចំណែកអ្នកបើកបរ ម៉ូតូ បើកមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវខាងមុខ ទើបទៅបុក ចំកន្ទុយរុឺម៉ក ពេញទំហឹង តែងម្ដង

ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់  ហើយយកមធ្យោបាយ ដែលពាក់ព័ន្ធមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ  ដើម្បីបន្តចាត់ការតាមនីតិវិធី