ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឥទ្ធិពលថ្នាំញៀន! កូនប្រុសខឹងឪពុកខ្លួនវាយ ដុតផ្ទះឆេះគ្មានសល់

ខេត្តបន្ទាយមានជ័យ៖​ ​ផ្ទះ០១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ថ្មក្រោម មានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ បានក្លាយជាចំណីអគ្គិភ័យឆេះអស់ទាំងស្រុង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ១០កេីត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
​លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងងាវុធជាតិផ្ទុះ និងអគ្គិភ័យបានឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះមានម្ចាស់ឈ្មោះ ស្រឹម វុទ្ធី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានសមាជិកក្នុងគ្រួសារចំនួន០៦នាក់ ស្រី០២នាក់។ លោកស្នងការរងបានបន្តថា តាមការស្រាវជ្រាវ និងការបំភ្លឺពីសមាជិកគ្រួសាររងគ្រោះអគ្គិភ័យនេះ គឺដោយសារកូនប្រុសម្ចាស់ផ្ទះឈ្មោះ ស្រឹម រស្មី អាយុ ២៣ឆ្នាំ ជាមនុស្សញៀនថ្នាំញៀន ឪពុកម្តាយហាមមិនស្តាប់ មុនពេលកើតហេតុឪពុកខឹងបានវាយដើម្បីឲ្យឈប់ប្រព្រឹត្តតែ កូនអកត្តញូមិនត្រឹមមិនតែស្តាប់រួចឡើងទៅលើផ្ទះយកដែកកេះដុតពូកបំផ្លាញចោល ក៏បណ្ដាលឲ្យឆេះផ្ទះគ្មានសល់។
​ក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន០២ របស់ស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី០១គ្រឿង បានចុះជួយអន្តរាមន៍បាញ់ទឹក រួមទាំងកម្លាំងនគរបាលខេត្ត ស្រុក កម្លាំងសឹករងស្រុក និងកម្លាំងអាជ្ញាធរមូលដ្ឋានចេញជួយអន្តរាគម៍ពន្លត់តែមិនអាចជួយសង្រ្គោះផ្ទះជនរងគ្រោះបាន ព្រោះភ្លើងឆេះសន្ធោរសន្ធៅឆាប់រហ័ស ដោយប្រើប្រាស់អស់ទឹកចំនួន០២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍ តែយើងបានទប់ស្កាត់មិនឲ្យមានការរាលដាលទៅផ្ទះអ្នកជិតខាង ។
លោកស្នងការរង វរសេនីយ៍ឯក ប៊ុន ផេង បានបញ្ជាក់ថាតាមការឲ្យដឹងពីម្ចាស់ផ្ទះ ទំហំនៃការខូចខាតទាំងផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះសរុបជាទឹកប្រាក់ចំនួន១៦,០០០ដុល្លា (១ម៉ឺន៦ពាន់ដុល្លា)។ករណីអគ្គិភ័យនេះ ជនសង្ស័យជាកូនម្ចាស់ផ្ទះឈ្មោះ ស្រឹម រស្មី  ដែលដុតហើយរត់គេចខ្លួននោះ កម្លាំងនគរបាលស្រុកមង្គលបូរី កំពុងស្រាវជ្រាវតាមរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
​ណុប-រក្សា