ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ខែកក្កដា ឆ្នាំ២០២០ បទល្មើសឧក្រិដ្ឋថយចុះ៧៥% បទល្មើសមជ្ឈឹមកើនឡើង១៣៣%

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់កងកម្លាំងនគរបាលត្រូវពង្រឹងលើការងារការពារសន្តិសុខ សណ្តាបធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋបន្ថែមទៀត និងបន្តជួយប្រជាពលរដ្ឋដែលរងគ្រោះ និងជួបការលំបាកផ្សេងៗ ដូចដែលយើងបានធ្លាប់ធ្វើកន្លងមក លើវិស័យមនុស្សធម៌នោះ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ស្នងការ ក្នុងឱកាសប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែក្រោយ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរង ក្រុង ស្រុក លោកមេបញ្ជាការទាំង០៤ នាយប៉ុស្តិ៍រដ្ឋបាល នាយប៉ុស្តិ៍ការពារព្រំដែន។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ក៏បានដាក់ចេញនូវផែនការ ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ឲ្យប្រជាពលរដ្ឋចូលរួមធ្វើការសម្អាត អនាម័យ ដើម្បីទប់ស្កាត់នូវជម្ងឺឆ្លងកូវីដ១៩ ទន្ទឹមនោះដែរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីទប់ស្កាត់អំពើភេរវកម្ម បង្ការ ទប់ស្កាត់ និងបង្រ្កាប ប្រកបដោយប្រសិទ្ធភាព នូវឧក្រិដ្ឋជនឆ្លងដែនគ្រប់ប្រភេទ ពិសេសយកចិត្តទុកដាក់សកម្មភាពបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងបំផ្លិចបំផ្លាញសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ។

យោងតាមរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថា ៖ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន០៨/០៧លើក បណ្តាលឲ្យមនុស្សរបួស០២នាក់ និងរងគ្រោះ០៦នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ កើតឡើងចំនួន០១/០៤លើក ថយចុះ៧៥% រំលោភសេពសន្ថវៈបទល្មើសមជ្ឈឹម កើតឡើងចំនួន០៧/០៣លើក កើនឡើង១៣៣% លួច០៤លើក,ហឹង្សាក្នុងគ្រួសារ០១លើក, ឆបោក០១លើក,ហឹង្សាដោយចេតនា០១លើក,បង្រ្កាបបទល្មើសព្រហ្មទណ្ឌជាក់ស្តែងចំនួន០៥លើក ឃាត់ខ្លួន០៥នាក់ ក្នុងនោះជាប់សារធាតុញៀន០២នាក់ ដកហូតសម្ភារៈវត្ថុតាង មាស ប្រាក់ មួយចំនួន បទល្មើសគ្រឿងញៀនខុសច្បាប់ បង្រ្កាបជាក់ស្តែងបានចំនួន៦៧លើក ឃាត់ខ្លួន ១១៩នាក់ ស្រី០៦នាក់ ក្នុងនោះ ករណីជួញដូរ៣២លើក ជនសង្ស័យចំនួន៦៨នាក់ ស្រី០៥នាក់, ករណីរក្សាទុក០១លើក ជនសង្ស័យចំនួន០១នាក់,ករណីប្រើប្រាស់៣៤លើក ជនសង្ស័យ៥០នាក់ ស្រី០១នាក់ វត្ថុតាងដកហូតបាន មាន​ថ្នាំមេតំហ្វេតាមីនគ្រាប់( WY ) ទម្ងន់ ៥៤៧,៥៦ក្រាម,ថ្នាំមេតំហ្វេតាមីនអាយស៍ ( Ice ) ទម្ងន់ ២៧៤,១២ក្រាម ,គ្រាប់កាំភ្លើង១៦គ្រាប់,ម៉ូតូ០៥គ្រឿង,ទូរស័ព្ទដៃ៣៨គ្រឿង,ដាវសាម៉ូរ៉ៃ០២ដើម,កាំបិតវែង ០៣ដើម,វិទ្យុទាក់ទង ០២គ្រឿង, កាតធនាគារ០១សន្លឹក,លិខិតឆ្លងដែនសញ្ជាតិថៃ០៤ក្បាល រួមទាំងសម្ភារៈនិងឧបករណ៍សម្រាប់ជក់មួយចំនួន គ្រោះថ្នាក់ចរាចរណ៍ចំនួន០៣លើក ស្លាប់មនុស្ស០៣នាក់,របួសធ្ងន់០២នាក់,ស្រាល០២នាក់,ម៉ូតូខូចធ្ងន់ ០៣គ្រឿង,រថយន្តតូចខូចស្រាល០២គ្រឿង,រថយន្តធំខូចធ្ងន់០១គ្រឿង និងយានផ្សេងៗ០១គ្រឿង ការងារគ្រប់គ្រងទេសន្តប្រវេសន៍ ពលករខ្មែរចំណាកស្រុក ដែលអាជ្ញាធរថៃបញ្ជូនឬត្រឡប់មកដោយខ្លួនឯងតាមមុខព្រួញគ្រប់គ្រងដោយកម្លាំងតាមខ្សែបន្ទាត់ព្រំដែន សរុបចំនួន ៧,៩៥៩នាក់ ស្រី៣,៦៦៥នាក់,កុមារ៩១១នាក់ ចំពោះពលករខ្មែរចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសចូលមកមូលដ្ឋាន ក្នុងខែកក្កដានេះ សរុបចំនួន១,១៤០នាក់ ស្រី៥៦៣នាក់ និងកុមារ៣១នាក់។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ក៏បានប្រគល់ប័ណ្ណសរសើររបស់ក្រសួងមហាផ្ទៃជូនដល់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៥ និងនាយប៉ុស្តិ៍ការពារព្រំដែនចំនួន៣២នាក់ផងដែរ ៕