លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញជាអធិបតីភាព សម្ពោធឆ្លងស្តូបព្រះពុទ្ធរូប នៅទួលប្រាសាទដងខ្ចាស់ នៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ ៖ ស្តូបព្រះពុទ្ធរូប នៅទួលប្រាសាទដងខ្ចាស់ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវឧកញ៉ា ហេម ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ត្រូវបានសាងសង់រួចរាល់ ដេីម្បីតម្កល់ព្រះពុទ្ធរូបទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ គោរពបូជាតាមជំនឿសាសនា នៅពេលមានពិធីបុណ្យទានផ្សេងៗ ត្រូវបានធ្វេីពិធីសម្ពោធឆ្លង និងធ្វេីពិធីអភិសេកព្រះផងដែរ។
ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃពុធ ២កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវឧកញ៉ា ហេម ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងមានការអមដំណេីរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី និងមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារ អាជ្ញាធរដែនដី ប្រជាពលរដ្ឋបានចូលរួមផងដែរ។
មានប្រសាន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងក្រៃលេងចំពោះលោកជំទាវឧកញ៉ា ហេម ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលតែងតែចូលរួមយ៉ាងខ្នាស់ខ្នែងក្នុងកិច្ចការងារអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាក់ស្តែងលោកជំទាវបានជួយសាងសង់ផ្លូវមួយខ្សែ ចូលទួលប្រាសាទដងខ្ចាស់ មានប្រលាយអមសងខាងផ្លូវ និងដាក់លូភ្លោះ ហើយក៏បានជួយសាងសង់ស្តូបសម្រាប់តម្កល់ព្រះពុទ្ធរូបសម្រាប់ជាទីសក្ការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានលេីកឡេីងថា ៖ សុខសន្តិភាព បាននាំមកនូវការអភិវឌ្ឍលេីគ្រប់វិស័យ ដែលនាំឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសធ្វេីបុណ្យទានយ៉ាងសប្បាយរីករាយ នេះក៏ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាងនេះទៅទៀតទីទួលបុរាណជាច្រេីនត្រូវការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ នឹងត្រូវបានស្ថាបនាជួសជុលឡេីងវិញ ហេីយទួលបុរាណប្រាសាទដងខ្ចាស់នេះ ក៏ជាទួលបុរាណមួយដែលបងប្អូនប្រជាពលរដ្ឋតែងតែនាំគ្នាគោរពបូជា សុំសេចក្តីសុខ និងបន់ស្រន់ផ្សេងៗ ជូនបងប្អូនពលរដ្ឋនៅមូលដ្ឋានផងដែរ ហេីយហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានជួសជុលពីផ្លូវចូលប្រាសាទនេះក៏ត្រូវបានស្ថាបនាជូនបងប្អូនពលរដ្ឋផងដែរ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ ដឹកជញ្ជូនកសិផលផ្សេងៗផងដែ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តធ្វេីការក្រេីនរំលឹកដល់ពលរដ្ឋនៅមូលដ្ឋាន ត្រូវបន្តប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ-១៩ ដោយក្នុងដំណាក់កាលនេះមិនទាន់មានកាធូស្រាលនៅឡេីយទេ នៅបន្តរកឃេីញជាបន្តបន្ទាប់ ដូច្នេះឯកឧត្ដមអំពាវនាវឲ្យបងប្អូនបន្តអនុវត្តវិធានការអនាម័យឲ្យបានជាប្រចាំ ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកស្អាត អាល់កុល ឬជែលជាប្រចាំ ការពារពីការចម្លងរោគផ្សេងៗ។
ឯកឧត្តម ក៏បានជម្រុញបន្ថែមដល់ប្រជាពលរដ្ឋ ដោយក្នុងដំណាក់កាលនេះវិបត្តិកូវីដ-១៩នេះ សូមបងប្អូនពលរដ្ឋបង្កេីននូវការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វផ្សេងៗដេីម្បីផ្គត់ផ្គងជីវភាពគ្រួសារ សល់ពីនោះបងប្អូនអាចយកទៅលក់នៅទីផ្សារដេីម្បីបានកម្រៃបន្ថែមសម្រាប់គ្រួសារផងដែរ។
សូមបញ្ជាក់ផងដែរថា ៖ លោកជំទាវឧកញ៉ា ហេម ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន តែងតែចូលរួមរាល់សកម្មភាពអភិវឌ្ឍស្ទេីគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ ជាក់ស្តែងលោកជំទាវក៏បានផ្តល់ផ្លូវមួយខ្សែដែលមានប្រវែង ១០៨៩ម៉ែត្រ ទទឹង៦ម៉ែត្រ មានប្រលាយអមសងខាងផ្លូវ និងដាក់លូភ្លោះ ចូលទួលប្រាសាទដងខ្ចាស់ ជាមួយនឹងការឆ្លេីយតបទៅនឹងសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋានខាងលេីស្នេីរសុំស្តូបសម្រាប់តម្កល់ព្រះពុទ្ធបដិមា ដាក់នៅទីតាំងទួលប្រាសាទសម្រាប់គោរពបូជាពេលមានបុណ្យទានផ្សេងៗ លោកជំទាវ និងក្រុមការងារក៏បានផ្តល់តាមការស្នេីសុំរបស់ប្រជាពលរដ្ឋភ្លាមៗ និងបានដាក់ឲ្យសម្ពោធឆ្លងនាឱកាសនោះផងដែរ។