ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម នាក់ ណេរ៉ុន ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កចំនួន ០២ស្រុក

សៀមរាប ៖ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក ចំនួន ០២ស្រុក បានទទួលអំណោយ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប ចំពោះបងប្អូនដែលបានវិល ត្រឡប់មកពីក្រៅប្រទេស ចំនួន ៤៦នាក់ បានកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ចំនួន ៣៣នាក់ និង នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាប្រិយ៍ ឃុំប្រិយ៍ ស្រុកស្រីស្នំ ចំនួន ១៣នាក់ ក្នុងរយៈពេល ១៤ថ្ងៃ នៅកន្លែងពីរផ្សេងគ្នានាថ្ងៃតែមួយ ក្រោមកិច្ចសហការជាមួយអង្គការ IOM ។

តាមសេចក្តីរាយការណ៍របស់លោកអភិបាលរងស្រុកក្រឡាញ់ បានឲ្យដឹងថា ចាប់ពីការផ្ទុះឡើងនៃជម្ងឺកូវិដ១៩នេះ ប្រជាពលរដ្ឋធ្វើចំណាក់ស្រុក បានវិលត្រឡប់មកស្រុកកំណើតវិញមកដល់ពេលនេះ មានចំនួនសរុប ៣ពាន់៧៤៥នាក់ ស្រី ចំនួន ១ពាន់៧១៦នាក់ ហើយបានកំពុងធ្វើចត្តាឡីស័ក ចំនួន ៣៣នាក់ ស្រី១៣នាក់ និងបានឆ្លងកាត់ធ្វើចត្តាឡីស័ក វិលទៅកាន់ភូមិដ្ឋាន មានចំនួន ៨៣០នាក់ ។

ចំពោះសេចក្តីរាយការណ៍របស់លោកអភិបាលស្រុកស្រីស្នំក៏បានឲ្យដឹងផងដែរថា ចាប់ពីមានការផ្ទុះឡើងនៃជម្ងឺកូវិដ១៩នេះ ប្រជាពលរដ្ឋធ្វើចំណាក់ស្រុកទៅក្រៅប្រទេសមានចំនួនសរុប ៤ពាន់៥៨០នាក់ ហើយបានវិលមកាន់ភូមិដ្ឋានខ្លួនវិញ មានចំនួនសរុប ១ពាន់៨៧០នាក់ និង កំពុងធ្វើចត្តាឡីស័ក នៅតាមបណ្តាឃុំ ចំនួន ៣៣ នាក់ ដោយឡែកនៅក្នុងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាប្រយ៍ ចំនួន១៣នាក់ ស្រី៧នាក់ផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម នាក់ ណេរ៉ុន ក៏បានធ្វើការកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះ ដោយសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជម្ងឺឆ្លងកូវីដ១៩ កុំឲ្យមានការឆ្លងទៅអ្នកដទៃ និង សហគមន៍ខ្លួន ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានធ្វើការផ្សព្វផ្សាយ ពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៣៩៦ សជណ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា ជូនដល់បងប្អូនទាំងអស់ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនៃស្រុកក្រឡាញ់ និង ស្រីស្នំនេះ សុំឲ្យបងប្អូនកុំឲ្យចាញ់ឧបាយកលបោកប្រាស់របស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាងដោយខុសច្បាប់ ក្នុងខណៈពេលដែលប្រទេសជិតខាងបានកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើមី្បបង្កាទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ ។

ឯកឧត្តម នាក់ ណេរ៉ុន ក៏បានលើកឡើងថា បច្ចុប្បន្ននេះ បញ្ហាជម្ងឺកូវិដ ១៩ នៅកម្ពុជា បានកំពុងនាំចូលមកពីក្រៅប្រទេស តាមរយៈការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងពេលថ្មីៗនេះ ហើយក៏ជាភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ។ ទោះបីនៅកម្ពុជាយើងពុំមានអ្នកស្លាប់ដោយជម្ងឺឆ្លងកូវិដ១៩ក៏ដោយ ក៏យើងទាំងអស់គ្នា រួមសហការគ្នាប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវជម្ងឺឆ្លងកូវិដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនត្រូវបន្ថូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍ខ្លួន ។

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ដើមី្បជៀសនូវជម្ងឺឆ្លងនេះបាន ចូលយើងរាល់គ្នាត្រូវតែសម្អាតអនាម័យនិងថែរក្សាសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវលាងដៃនឹងទឹកសាប៊ូ អាល់កុល ជែល និង ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងរក្សាឲ្យបាននូវគម្លាតពីគ្នា និង អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំផងដែរ ។

អំណោយដែលនាំយកទៅចែកជូនបងប្អូនកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កទាំងពីរស្រុក ដោយម្នាក់ៗទទួលបាន ចំនួន ១៣មុខ មាន ច្រាសដុសធ្មេញ , ថ្នាំដុសធ្មេញ , សាប៊ូលុច្ស , សាប៊ូកក់សក់Clear , សាប៊ូម្សៅLix Lemon , កន្ទេល , មុង ភួយ , អាវយឺត , ខោខ្លី , កន្សែងពោះគោ , ស្បែកជើងផ្ទាត់ និង សំឡីអនាម័យផងដែរ ៕