រដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ​ឧកញ៉ា​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ អញ្ជើញ​ជាអធិបតី​ភាព​ សម្ពោធឆ្លង​ស្តូបព្រះពុទ្ធរូប នៅទួលប្រាសាទដងខ្ចាស់​ នៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ​ ៖​ ស្តូបព្រះពុទ្ធរូប នៅទួលប្រាសាទដងខ្ចាស់​ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​លោកជំទាវ​ឧកញ៉ា​ ហេម​ ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ ត្រូវបានសាងសង់រួចរាល់​ ដេីម្បីតម្កល់ព្រះពុទ្ធរូបទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ​ គោរពបូជាតាមជំនឿសាសនា​ នៅពេលមានពិធីបុណ្យទានផ្សេងៗ​ ត្រូវបានធ្វេីពិធីសម្ពោធឆ្លង​ និងធ្វេីពិធីអភិសេកព្រះ​ផងដែរ។

ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃពុធ​ ២កេីត​ ខែស្រាពណ៍​ ឆ្នាំ​ជូត​ ទោស័ក​ ពស​២៥៦៤​ ត្រូវនឹងថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​លោកជំទាវ​ឧកញ៉ា​ ហេម ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ និងមានការអមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ និងលោកជំទាវ​ ​ជ័យ​ ណារី​ និងមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ក្រុមការងារ​ អាជ្ញាធរ​ដែនដី​ ប្រជាពលរដ្ឋបានចូលរួមផងដែរ។

មានប្រសាន៍សំណេះសំណាល​នាឱកាសនោះ ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានថ្លែងអំណរគុណយ៉ាងក្រៃលេងចំពោះ​លោកជំទាវឧកញ៉ា​ ហេម​​ ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ ដែលតែងតែចូលរួមយ៉ាងខ្នាស់ខ្នែងក្នុងកិច្ចការងារអភិវឌ្ឍន៍​នៅតាមមូលដ្ឋាន ជាក់ស្តែងលោកជំទាវបានជួយសាងសង់ផ្លូវមួយខ្សែ​ ចូល​ទួលប្រាសាទដងខ្ចាស់​ មានប្រលាយអមសងខាងផ្លូវ​ និងដាក់លូភ្លោះ​ ហើយក៏បានជួយសាងសង់ស្តូបសម្រាប់តម្កល់ព្រះពុទ្ធរូបសម្រាប់ជាទីសក្ការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ​ ឯកឧត្តម​អភិបាលខេត្ត​ បានលេីកឡេីងថា​ ៖​ សុខសន្តិភាព​ បាននាំមកនូវការអភិវឌ្ឍលេីគ្រប់វិស័យ​ ដែលនាំឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសធ្វេីបុណ្យទានយ៉ាងសប្បាយរីករាយ​ នេះក៏ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ ជាងនេះទៅទៀត​ទីទួលបុរាណជាច្រេីនត្រូវការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ​ នឹងត្រូវបានស្ថាបនាជួសជុលឡេីងវិញ ហេីយទួលបុរាណ​ប្រាសាទដងខ្ចាស់នេះ​ ក៏ជាទួលបុរាណមួយដែលបងប្អូនប្រជាពលរដ្ឋតែងតែនាំគ្នាគោរពបូជា សុំសេចក្តីសុខ​ និងបន់ស្រន់ផ្សេងៗ​ ជូនបងប្អូនពលរដ្ឋនៅមូលដ្ឋានផងដែរ​ ហេីយហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានជួសជុលពីផ្លូវចូលប្រាសាទនេះក៏ត្រូវបានស្ថាបនាជូនបងប្អូនពលរដ្ឋ​ផងដែរ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ​ ដឹកជញ្ជូន​កសិផលផ្សេង​ៗផងដែ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានបន្តធ្វេីការក្រេីនរំលឹកដល់ពលរដ្ឋនៅមូលដ្ឋាន​ ត្រូវបន្តប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ-១៩​ ដោយក្នុងដំណាក់កាលនេះមិនទាន់មានកាធូស្រាលនៅឡេីយទេ​ នៅបន្តរកឃេីញជាបន្តបន្ទាប់​ ដូច្នេះ​ឯកឧត្ដម​អំពាវនាវ​ឲ្យបងប្អូនបន្តអនុវត្តវិធានការអនាម័យឲ្យបានជាប្រចាំ​ ដុសលាងសម្អាតដៃជាមួយសាប៊ូ​ ទឹកស្អាត​ អាល់កុល​ ឬជែល​ជាប្រចាំ​ ការពារពីការចម្លងរោគផ្សេងៗ។

ឯកឧត្តម​ ក៏បានជម្រុញបន្ថែមដល់ប្រជាពលរដ្ឋ​ ដោយក្នុងដំណាក់កាលនេះវិបត្តិកូវីដ-១៩នេះ​ សូមបងប្អូនពលរដ្ឋបង្កេីននូវការដាំដុះបន្លែបង្ការ​ និងចិញ្ចឹមសត្វ​ផ្សេងៗដេីម្បីផ្គត់ផ្គងជីវភាពគ្រួសារ​ សល់ពីនោះបងប្អូនអាចយកទៅលក់នៅទីផ្សារដេីម្បីបានកម្រៃបន្ថែមសម្រាប់គ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា​ ៖​ ​លោកជំទាវ​ឧកញ៉ា​ ហេម ចិន្តា មហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភក៍​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ តែងតែចូលរួមរាល់សកម្មភាពអភិវឌ្ឍស្ទេីគ្រប់ទីកន្លែង​ក្នុងខេត្តបន្ទាយមានជ័យ​ ជាក់ស្តែងលោកជំទាវក៏បានផ្តល់ផ្លូវមួយខ្សែដែលមានប្រវែង​ ១០៨៩ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​ មានប្រលាយអមសងខាងផ្លូវ​ និងដាក់លូភ្លោះ​ ចូលទួលប្រាសាទដងខ្ចាស់​ ជាមួយនឹងការឆ្លេីយតបទៅនឹងសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋានខាងលេីស្នេីរសុំ​ស្តូបសម្រាប់តម្កល់​ព្រះពុទ្ធ​បដិមា​ ដាក់នៅទីតាំងទួលប្រាសាទសម្រាប់គោរពបូជាពេលមានបុណ្យទានផ្សេងៗ​ លោកជំទាវ​ និងក្រុមការងារក៏បានផ្តល់តាមការស្នេីសុំរបស់ប្រជាពលរដ្ឋភ្លាមៗ​ និងបានដាក់ឲ្យសម្ពោធឆ្លងនាឱកាសនោះផងដែរ។