ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនផ្ដល់ជូនមន្រ្តីដែលមានជម្ងឺប្រចាំកាយ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខ សុខភាពរបស់កងកម្លាំងនគរបាល ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្ស បានចាត់តាំងលោកវរសេនីយ៍ទោ សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំ  និងសហការី ចុះទៅសួរសុខទុក្ខសុខភាព លោកអនុសេនីយ៍ឯក ស៊ឹប រ៉ើក មន្ត្រីនគរបាលជាតិ ការិយាល័យផ្សព្វផ្សាយអប់រំ ដែលមានជម្ងឺដុះសាច់ជាប់លើខ្នង និងជម្ងឺប្រចាំកាយ នៅគេហដ្ឋានរបស់លោក ស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង ក្នុងការសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសាររបស់លោកក៏បាននិយាយថា ត្រៀមយកលោកទៅវះកាត់សាច់ដុះនៅមន្ទីរពេទ្យសូវៀត រាជធានីភ្នំពេញ នៅថ្ងៃនេះផងដែរ ។

ក្នុងឱកាសនោះ លោកបាននាំថវិកាឧបត្ថម្ភ ពីលោកស្នងការនគរបាលខេត្ត ចំនួន ១.០០០.០០០រៀល (មួយលានរៀល) និងថវិការបស់ការិយាល័យផ្សព្វផ្សាយអប់រំ ចំនួន ៥៧០.០០០រៀល (ហាសិបប្រាំពីរម៉ឺនរៀល) ជូនលោកអនុសេនីយ៍ឯក ស៊ឹប រ៉ើក សម្រាប់ទៅព្យាបាលជម្ងឺ។

លោក ស៊ឹប រ៉ើក ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ ពិសេសលោកស្នងការ ដែលតែងតែយកចិត្តទុកដាក់សួរសុខទុក្ខដល់កងកម្លាំង ក៍ដូចរូបខ្ញុំព្រមទាំងក្រុមគ្រួសារពេលនេះដែលខ្ញុំកំពុងជួបការលំបាកយ៉ាងខ្លាំង ខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ សូមលើកបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកតាមថែរក្សា លោកឧត្ដមសេនីយ៍ទោ ព្រមទាំងក្រុមគ្រួសារ និងលោក លោកស្រី ជាកងកម្លាំងទាំងអស់ សូមជួបតែសេចក្តីសុខចំរើន និងសុខភាពល្អតរៀងទៅ កុំឲ្យអកុសលដូចខ្ញុំបាទឡើយ។ សួន. ស៊ីរ៉ា