ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ ឆ្នាំ​២០២០​ និងលេីកទិសដៅអនុវត្តបន្ត​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប

ខេត្តកែប ៖ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយយោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្មតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២០ និងឆ្លុះបញ្ចាំងរាល់ចំណុចខ្លាំង ក៏ដូចជាបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងពេលអនុវត្ត ក្នុងគោលបំណង ដើម្បីពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រោម អធិបតីភាព ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងឯកឧត្តម លូយ សុផាត ប្រធានគណៈកម្មាធិការទី៣ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិការក្រុមការងារទាំងអស់សរុបប្រមាណ ១៨៩ រូប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថា តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ បានសម្រេចបញ្ចេញសាច់ប្រាក់ដើម្បីជួយឧបត្តម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋាន ដែលបាត់បង់ចំណូលក្នុងអំឡុងកូវីដ១៩ កើតឡើង ទាំងនេះបង្ហាញពីឆន្ទះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនមិនទុកចោល ទោះក្នុងកាលទេសណាក៏ដោយ។ ចំពោះទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ត្រូវតែអនុវត្តជាដាច់ខាតតាមបច្ចេកទេសរបស់ក្រសួងផែនការដែលបានកំណត់ មិនត្រូវបន្លំ ឬបក្សពួកនិយមឡើយ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់មេឃុំចៅសង្កាត់ទាំងប្រាំ អភិបាលក្រុង ស្រុក និងៗរបាយការណ៍សង្ខេប របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត រួចមក ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានមានប្រសាសន៍​ ដោយជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាទប់ស្កាត់បទល្មើសផ្សេងៗ បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ រក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះត្រូវចុះឲ្យដល់មូលដ្ឋានសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំឲ្យមានវេទិការសាធារណៈ និងជួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យបានញឹកញាប់។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ឲ្យបានឆាប់រហ័ស ពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ ស្របតាមអភិក្រម ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ៕